សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឲ្យ​ឯកឧត្តម​ LIM​ JUNG-TEAK​ ចូល​ ជួប​សម្ដែង​ការ​គួរសម​

02-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ ៤​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ LIM​ JUNG-TEAK​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ ចូល​ ជួប​សម្ដែង​ការ​គួរសម​។​

​គោលបំណង​នៃ​ជំនួប​សម្ដែង​ការ​គួរសម​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ឱកាស​នេះ​ គឺ​ឯកឧត្តម​ KIM​ JUNG-TEAK​ បាន​ជូន​ដោយ​ផ្ទាល់​នូវ​លិខិត​អញ្ជើញ​របស់​ឯកឧត្តម​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដែល​បាន​អញ្ជើញសម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ កូរ៉េ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​នា​ចុង​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​។​

ការ​អញ្ជើញសម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​ពេល​នេះ​គឺ​ផ្អែក​តាម​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម​ដែល​កាលពី​ខែឧសភា​ កន្លង​ទៅ​ សម្ដេច​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ ហើយ​សម្ដេច​ និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​កូរ៉េ​ បាន​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​សម្ដេច​ថា​នឹង​អញ្ជើញសម្ដេច​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ កូរ៉េ​ ដែល​ទទួល​បន្ទុក​ការងារ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ Lim​ JUNG-TEAK​ ដែល​បាន​យក​លិខិត​អញ្ជើញ​ពី​កូរ៉េ​មក​ជូន​សម្ដេច​ដោយ​ផ្ទាល់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ ហើយ​ប្រសិនបើ​សម្ដេច​មិន​មាន​ពេលវេលា​សម​ស្រប​ សម្ដេច​នឹង​ចាត់​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​ដើម្បី​ដឹកនាំ​ប្រតិភូ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ទន្ទឹម​នឹង​នេះ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ទំនាក់ទំនង​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​កូរ៉េ​ ដែល​មក​ដល់​ពេល​នេះ​ ក្រសួង​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ទាំង​លើ​ផ្នែក​នគរបាល​ និង​ផ្នែក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ សម្ដេច​សូម​អរគុណ​ចំពោះ​ភាគី​កូរ៉េ​ដែល​តាម​រយៈ​ MOU​ ដែល​មាន​ជាមួយ​គ្នា​ គឺ​បាន​ផ្ដល់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​មក​ដល់​ក្រសួងមហាផ្ទៃ​កម្ពុជា​ ពិសេស​ការងារ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ទាំង​លើ​វិស័យ​នគរបាល​ និង​វិស័យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ថ្លែងអំណរគុណ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​កូរ៉េ​ ជា​ពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី​ ដែល​កាលពី​ខែឧសភា​កន្លង​ទៅ​ ឯកឧត្តម​បាន​រៀបចំ​កម្មវិធី​សម្រាប់​ទស្សនកិច្ច​សម្ដេច​បាន​យ៉ាង​សម​ស្រប​ទៅ​តាម​សំណូមពរ​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ ធ្វើ​ ឲ្យ​ប្រតិភូ​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ដើម្បី​យក​មក​កែ​លម្អ​រការ​អនុវត្ត​ទៅ​តាម​ស្ថានភាព​របស់​កម្ពុជា​ ហើយ​សម្ដេច​សង្ឃឹម​ជឿជាក់​ថា​ទៅ​អនាគត​ភាគី​ទាំង​ពីរ​នឹង​បន្ត​ចែករំលែក​បទ​ពិសោធន៍​នេះ​បន្ថែម​ទៀត​ ពិសេស​លើ​ការងារ​រដ្ឋបាល​មូលដ្ឋាន​។​

​សម្ដេច​ក៏​បាន​ជម្រាប​ជូន​ដែរ​ថា​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រសួងមហាផ្ទៃ​តែ​ម្ដង​បាន​ខិតខំ​រៀបចំ​នូវ​ច្រក​ចេញចូល​តែ​មួយ​ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ហើយ​ការងារ​នេះ​បាន​ទទួល​ការ​ពេញចិត្ត​ និង​គាំទ្រ​យ៉ាងច្រើន​លើសលុប​ពី​សំណាក់​ប្រជាពលរដ្ឋ​ ។​

​ឯកឧត្តម​ LIM​ JUNG-TEAK​ បាន​ជម្រាប​ជូន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កូរ៉េ​ អាស៊ាន​ទទួល​បន្ទុក​ការងារ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​ខាង​មុខ​ គឺ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​សំខាន់ៗ​៣​ ក្នុង​នោះ​រួម​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វិស័យ​សេវា​សាធារណៈ​ វិស័យ​រដ្ឋបាល​ឌី​ជី​ថ​ល​ និង​ការងារ​កសាង​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ហើយ​ក្នុង​នោះ​ក៏​មានការ​រៀបចំ​តាំងពិព័រណ៍​បង្ហាញ​អំពី​នវានុវត្តន៍​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដែរ​។​

​ឯកឧត្តម​ក៏​សូម​ឯកភាព​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ និង​បាន​ជម្រាប​ជូន​សម្ដេច​ថា​ភាគី​កូរ៉េ​នឹង​បន្ត​អនុវត្ត​MOU​ទាំងឡាយ​ដែល​ក្រសួង​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កន្លង​មក​ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ស្រប​តាម​ការ​ចង់បាន​របស់​ភាគី​ទាំង​ពីរ​ នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ពិសេស​រវាង​វិស័យ​នគរបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជាទី​បញ្ចប់​សម្ដេច​ក្រឡាហោម​ បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​ដែល​បាន​ចំណាយពេល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ ដើម្បី​ប្រគល់​លិខិត​អញ្ជើញ​ជូន​សម្ដេច​ក្នុង​ឱកាស​នេះ​ ហើយ​តាម​រយៈ​ឯកឧត្តម​ សម្ដេច​សូម​ជូនពរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​ កូរ៉េ​ សូម​ទទួល​បាន​ជោគជ័យ​គ្រប់​ភា​កិច្ច​ និង​សូម​អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​ជូន​ដល់​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ៕


ចំនួនអ្នកទស្សនា

    20558627

  • ថ្ងៃនេះ1021
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1021
  • ខែនេះ116171
  • ឆ្នាំនេះ116171
  • សរុប20558627