ព្រះវិហារ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ ប្រតិភូកម្ពុជា-ថៃ បានចុះទស្សនាការអនុវត្តផែនការភូមិឃុំ/សង្កាត់«ស» គ្មានគ្រឿងញៀន ដែលបាននិងកំពុងដាក់ឲ្យអនុវត្តនៅភូមិចំនួនពីរ របស់ខេត្តព្រះវិហារ កម្ពុជា គឺភូមិឈើទាលគង និងភូមិអានសេះ នៃឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូថៃដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា ស៊ីងហាកាម៉ូល (Suriya Singhakamol)អគ្គលេខាធិការរង ក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀន ថៃ។
ឯកឧត្ដម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ស្វាគមន៍ដល់ប្រតិភូទាំងអស់និងបញ្ជាក់ថាខេត្តព្រះវិហារមិនមែនជាខេត្តផលិតគ្រឿងញៀនទេ តែរងគ្រោះពីការប្រើបំពានគ្រឿងញៀន។
ក្នុងឱកាសនោះ ទាំងលោកមេភូមិឈើទាលគង និងមេភូមិអានសេះ សុទ្ធតែបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តផែនការភូមិឃុំ/សង្កាត់«ស» គ្មានគ្រឿងញៀន ដោយណែនាំ ទាក់ទាញយុវជនឲ្យខិតខំរៀនសូត្រ លេងកីឡា ជួយធ្វើការឪពុកម្តាយ ប្រកបមុខរបរ សិប្បកម្ម កសិកម្ម ចិញ្ចឹមសត្វ និងចូលរូមការងារសង្គមផ្សេងៗ រាយការណ៍ពីករណីមានអំពើហិង្សា និងការសង្ស័យពីការប្រព្រឹត្តបទល្មើស។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដោយបានលើកពីគោលបំណងនៃការបង្កើតផែនការភូមិឃុំ/សង្កាត់«ស»គ្មានគ្រឿងញៀនថា គឺជាយន្តការដោះស្រាយបញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋាន ឱ្យមានសមត្ថភាពម្ចាស់ការដោយខ្លួនឯងនិងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខកាត់បន្ថយបាននូវអំពើហិង្សា និងបទល្មើសផ្សេងៗបង្កើតបាននូវភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ក្នុងឱកាសនោះដែរឯកឧត្ដម ឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា ស៊ីងហាកាម៉ូល អគ្គលេខាធិការរងការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានថ្លែងនូវការកោតសសើរហើយបន្តគាំទ្រ នូវការអនុវត្តផែនការរបស់ភូមិទាំងពីរ ហើយនឹងផ្តល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បទពិសោធន៍ និងសុំឲ្យភូមិទាំងពីរបន្តជួបប្រជុំជាមួយគ្នាឲ្យបានញឹកញាប់។
សូមបញ្ជាក់ថាកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជាបានដាក់ឲ្យអនុវត្តនូវផែនការភូមិឃុំ/សង្កាត់«ស»គ្មានគ្រឿងញៀន នៅភូមិចំនួន៥របស់កម្ពុជាមាន ៣ភូមិគឺភូមិឈើទាលគង អានសេះ កំពង់ស្រឡៅ១ នៅខេត្តព្រះវិហារនិង២ភូមិ គឺភូមិលើខាំផាន់ នៅខេត្តស្ទឹងត្រែង ហើយនឹងបន្តពង្រីកដល់ភូមិជាច្រើនទៀតដើម្បីប្រមូលគ្រប់សមាសភាពក្នុងសហគមន៍ចូលរួមទាំងអស់គ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ក៏ដូចជាបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។
នៅចុងបញ្ចប់នៃកម្មវិធី មានពិធីប្រគល់ទទួលឯកសារផ្សព្វផ្សាយ សម្ភារកីឡាមានបាល់ទះ-សីដក់ និងហូបនូវនំបញ្ចុកមិត្តភាពសាមគ្គីភាពតេជោសន្តិភាពយ៉ាងសប្បាយរីករាយស្និទ្ធស្នាល ៕