លោក​ សុខ​ លូ​ ដឹកនាំ​កិច្ច​ ប្រជុំ​ប្រចាំខែ​ កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​អង្ករ​ (Rice-SDP)​ ខេត្តកំពង់ធំ​

03-September-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​ លោក​ សុខ​ លូ​ អភិបាលខេត្ត​ និង​ជា​នាយក​កម្មវិធី​ថ្នាក់​ខេត្ត​ Rice-SDP​ បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ច​ ប្រជុំ​ប្រចាំខែ​របស់​អង្គភាព​អនុវត្ត​កម្មវិធី​ថ្នាក់​ខេត្ត​ (PIO-KPT)​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​បង្គោល​មន្ទីរ​ ជំនាញ​ អ្នកគ្រប់គ្រង​កម្មវិធី​ក្រុង​ ស្រុក​ និង​ក្រុមការងារ​ SBK​។​

​អ្នកគ្រប់គ្រង​កម្មវិធី​ថ្នាក់​ខេត្ត​ លោក​ យ៉ូ​វ​ សេង​គុណ​ បាន​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​អង្គភាព​អនុវត្ត​កម្មវិធី​ ខេត្តកំពង់ធំ​ ស្ដី​ពី​ការ​អនុវត្ត​សកម្មភាព​ផ្នែក​កសិកម្ម​,​ ការ​កៀរ​ពង្រាបដី​ដោយ​ប្រព័ន្ធ​ឡាស៊ែ​,​ ការ​អនុវត្ត​ សកម្មភាព​ផ្នែក​ធនធានទឹក​ និង​ការ​អនុវត្ត​សកម្មភាព​ផ្នែក​ផែនការ​ប្រើប្រាស់​ដី​ឃុំ​សង្កាត់​។​

​លោក​ យ៉ូ​វ​ សេង​គុណ​ ក៏​បាន​លើក​ឡើង​ពី​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត​បន្ត​ផង​ដែរ​ រួម​មាន​៖​ បណ្ដុះបណ្ដាល​និង​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​,​ បន្តសកម្មភាព​គាំទ្រ​និង​ពង្រឹងសមត្ថភាព​សហគមន៍​កសិកម្ម​,​ បន្ត​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​កសិកម្ម​,​ សម្របសម្រួល​សកម្មភាព​នានា​ដែល​អនុវត្ត​នៅ​ក្នុង​ខេត្ត​,​ និង​បន្ត​តាមដាន​និង​ជួយ​គាំទ្រ​សកម្មភាព​នានា​នៅ​មូលដ្ឋាន​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​លោក​ សុខ​ លូ​ បាន​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ខិតខំ​ស្វែង​យល់​ ពី​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​អង្ករ​ (Rice-SDP)​ នេះ​ ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​។​ ប្រ​សិន​មាន​បញ្ហា​អ្វីមួយ​ដែល​មិន​ទាន់​ច្បាស់លាស់​ ឬ​រាំងស្ទះ​ ត្រូវ​រាយការណ៍​ ឬ​ទំនាក់ទំនង​ផ្ដល់​ព័ត៌មាន​ មក​អ្នក​ គ្រប់គ្រង​កម្មវិធី​ថ្នាក់​ ខេត្ត​ ដើម្បី​ជួយ​សម្របសម្រួល​ការងារ​ទាំងនោះ​ ពោល​គឺ​មិន​ត្រូវ​ទុក​បញ្ហា​ទាំងនោះ​ ចោល​ ធ្វើ​ឱ្យ​រាំងស្ទះ​ ដោយ​មិន​រាយការណ៍​នោះ​ទេ​។​ ជាង​នេះ​ទៀត​ ស្នើ​លោក​លោកស្រី​ទាំងអស់​ ចូលរួម​សហ​ការណ៍​ ធ្វើ​ទាំងអស់​គ្នា​ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់​គ្នា​ ដើម្បី​ឱ្យ​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​អង្ករ​ (Rice-SDP)​ នៃ​អង្គភាព​អនុវត្ត​កម្មវិធី​ថ្នាក់​ខេត្តកំពង់ធំ​ (PIO-KPT)​ មានដំណើរ​ការ​ ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​។​

​សូម​បញ្ជាក់​ថា​ កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​អង្ករ​ (Rice-SDP)​ នេះ​ កំពុង​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ចំនួន​៣​គឺ​ ខេត្តកំពង់ធំ​ ខេត្តបាត់ដំបង​ និង​ខេត្តព្រៃវែង​។​ ដោយឡែក​ខេត្តកំពង់ធំ​ កំពុង​អនុវត្ត​ក្នុង​៣០​ឃុំ​/​សង្កាត់​គោលដៅ​ ដែល​មាន​ក្រុង​ស្ទឹង​សែន​ ស្រុក​ស្ទោង​ ស្រុក​កំពង់ស្វាយ​ ស្រុក​ស​ន្ទុ​ក​ និង​ស្រុក​បារាយណ៍​ ៕

ចំនួនអ្នកទស្សនា

    20558417

  • ថ្ងៃនេះ811
  • ម្សិលមិញ14181
  • សប្តាហ៍នេះ811
  • ខែនេះ115961
  • ឆ្នាំនេះ115961
  • សរុប20558417