កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រគល់-ទទួលផ្ទះជូន សមាជិកអតីតយុទ្ធជនចំនួន០៥គ្រួសារ ស្មើនឹង០៥ខ្នងផ្ទះ នៅក្នុងឃុំល្វា ស្រុកព្រៃឈរ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ឯកឧត្តម កៅសុខ អាន អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមខេត្តកំពង់ចាម លោកអភិបាល នៃគណៈអភិបាលស្រុក និងអង្គភាពពាក់ព័ន្ធជុំវិញស្រុកព្រៃឈរ ព្រមទាំងសមាជិកអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ជូនដល់អតីតយុទ្ធជនចំនួន០៥គ្រួសារ ក្នុង០១គ្រួសារទទួលបាន ថវិកា១០ម៉ឺនរៀន អង្ករមួយបេ, មី០១កេស, ត្រីខ ០១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និង ប្រជាពលរដ្ឋចូលរួមចំនួន សរុបចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង០១ ថវិកា២ម៉ឺនរៀលផងដែរ៕