លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​៖​ មួយ​ឆ្នាំ​ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត​៤​លាន​តោន​

03-September-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​បាន​ផលិត​ និង​ផ្សព្វផ្សាយ​ស្ព​ត​វិ​ដេ​អូ​អប់រំ​បរិស្ថាន​មួយ​ ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​ ក៏​ដូច​ជា​ចូលរួម​កែ​ប្រើ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​លើ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ ការ​ផលិត​ ការ​ចែកចាយ​ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​សំដៅ​ធានា​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ​បរិស្ថាន​ និង​សោភ័ណ​ភាព​។​

​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា​ បរិមាណ​សំរាម​ សំណល់​ទីប្រជុំជន​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​គឺ​មាន​ជាង​ ១​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃៗ​ដែល​ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​និង​ក្រុង​ធំៗ​ត្រូវ​បាន​ប៉ាន​ប្រមាណ​ថា​បាន​បង្កើត​សំរាម​១​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយ​ថ្ងៃ​។​ សរុប​មួយ​ឆ្នាំ​ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត​៤​លាន​តោន​ ក្នុង​នោះ​ ២០%​ ជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។​ ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួម​មាន​ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​ ៣០០០​ តោន​ក្នុង​មួយ​ ថ្ងៃ​ ក្រុងព្រះសីហនុ​ប្រមាណ​ ៧០០​តោន​ក្នុង​មួយ​ថ្ងៃ​ និង​ក្រុង​សៀម​រាម​ជិត​ ៤០០​ តោន​ក្នុង​មួយ​ថ្ងៃ​។​

​លោក​ នេត្រ​ ភក្ត្រា​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ថា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​មាន​កាតព្វកិច្ច​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​តាមតែ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​នាំ​យក​ថង់​ប្លា​ស្ទិ​កមក​ប្រើប្រាស់​ឡើង​វិញ​ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក​។​ ម្ចាស់​អាជីវកម្ម​និង​ម្ចាស់​សេវាកម្ម​នានា​ដែល​មានការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ ហើយ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ត​។​ ជាមួយ​គ្នា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ ដោយ​បាន​កំណត់​ពី​វិធានការ​គិត​តម្លៃបន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​របស់​អតិថិជន​ផង​ដែរ​។​ ការ​ដាក់​កម្រិត​លើ​ការ​ប្រើប្រាស់​ ថង់​ប្លា​ស្ទិ​ក​នេះ​មិនមែន​មាន​តែ​នៅ​កម្ពុជា​ទេ​ មាន​ប្រទេស​ជា​ច្រើន​ដែល​បាន​និង​កំពុង​អនុវត្ត​ផង​ដែរ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា​ អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​កបាន​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​ ៤៖​ ទី​១.​ ការ​កំណត់​ប្រភេទ​ទំហំ​កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ​ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល​ ការ​ផលិត​ក្នុងស្រុក​ ការ​ចែកចាយ​ និង​ ការ​ប្រើប្រាស់​ (​កម្រាស់​០,០៣​ មិល្លីម៉ែត្រ​ និង​រង្វាស់​ទទឹង​បាត​ ២៥​ សង្ទីម៉ែត្រ​)​។​ ទី​២.​ ការ​លើកទឹកចិត្ត​៖​ ការ​នាំ​ចូល​និង​ផលិត​ប្លា​ស្ទិ​ក​ឬ​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ​ ឬ​ជីវ​ប្លា​ស្ទិ​ក​ ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ​។​ ទី​៣.​ការ​នាំ​ចូល​ឬ​ផលិត​ថង់​ប្លា​ស្ទិ​ក​នឹង​ជាប់​អាករ​ពិសេស​ និង​ទី​៤.​ ការ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៖​ ការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​ទីផ្សារ​ទំនើប​និង​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ ត្រូវ​គិត​តម្លៃបន្ថែម​។​

​លោក​ នេត្រ​ ភក្ត្រា​ បាន​លើក​ឡើង​ថា​ ថង់​ប្លា​ស្ទិ​ក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំពុល​ដល់​បរិស្ថាន​គឺ​វា​ត្រូវការ​ពេលវេលា​ជា​ច្រើន​រយ​ឆ្នាំ​ដើម្បី​ធ្វើការ​បំបែក​ មាន​ន័យ​ថា​សំណល់​ប្លា​ស្ទិ​ក​គឺ​សារធាតុ​ដែល​មិន​ងាយ​នឹង​ពុក​ផុយ​ ឬ​រលួយ​បាន​ដោយ​ងាយ​ទេ​ ៕​

 

ចំនួនអ្នកទស្សនា

    20558487

  • ថ្ងៃនេះ881
  • ម្សិលមិញ14181
  • សប្តាហ៍នេះ881
  • ខែនេះ116031
  • ឆ្នាំនេះ116031
  • សរុប20558487