កំពង់ឆ្នាំង៖ ស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣នឹង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរមិនស្គាល់ឈ្មោះ អាស័យដ្ឋាន និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង និងម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យូ មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ០២នាក់ទៀតទី១-ឈ្មោះ សូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, ទី២-ឈ្មោះ សូ ម៉ានាត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរបញ្ច្រាស់ទិសគ្នា។
មន្ត្រីនគរបាលដដែលបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឱ្យស្លាប់មនុស្ស០៤នាក់ (ស្រី០១នាក់), របួសមនុស្ស០១នាក់របួសស្រាល(ស្រី),ខូចម៉ូតូ០២គ្រឿងធ្ងន់ធ្ងរ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីបើកបរដោយល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ ក្រោយកើតហេតុវត្ថុតាងត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕