កំពង់ធំ៖ រសៀលថ្ងៃ ព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា
ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលនិងប្រកាសបិទវគ្គបំប៉នជំនាញមន្ត្រីនគរបាលប៉ុស្ដិ៍នគរបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រី ស្នងការរង លោកអនុផែន លោកនាយការិយាល័យលោកអធិការនគរបាលទាំង០៩ ក្រុង-ស្រុក និងសិក្ខាកាមចូលរួមប្រមាណ១៤៧ នាក់ ស្រី៣៦នាក់។
លោកវរសេនីយ៍ទោ រឹម ធីរ៉ាន់ នាយការិយាល័យកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បានរាយការណ៍ បូកសរុបអំពីលទ្ធផលបំប៉នជំនាញចំនួន១១ ដល់សិក្ខាកាមមកពីអធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក សរុបចំនួន ៩៥នាក់ស្រី ៣៣នាក់ រយៈពេល ០៨ថ្ងៃចាប់ផ្ដើម ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ហើយជំនាញដែលត្រូវបំប៉នមាន៖
១.អំពីវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
២.បទបង្ហាញ ស្ដីពី ចរាចរណ៍ ផ្លូវគោក
៣.នីតិវិធីប្រតិបត្តិការ របស់នគរបាលយុត្តិធម៌
៤.ការងារនគរបាល និងសហគមន៍
៥.តួនាទី ភារកិច្ច របស់នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល
៦.វិធានការបង្ការ ពន្លត់អគ្គិភ័យ
៧.បទបង្ហាញ ស្ដីពី ការជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន
៨.កំណត់ត្រាទិន្ន័យបទល្មើស
៩.វិធានការ ប្រឆាំងការជួញដូរមនុស្ស និងការអនិតិជន
១០.ការងារគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋ
១១.ការបញ្ជៀបការងារយេនឌ័រ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ថ្ងៃនេះលោកមានក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញមន្ត្រីនគរបាលប៉ុស្ដិ៍នគរបាល ដែលបានសិក្សារយៈពេលកន្លងមក ប្រកបដោយលទ្ធផលជាផ្លែផ្កា។ក្រោយពីបានស្ដាប់របាយការណ៍ បូកសរុបរបស់ការិយាល័យកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយលោកបានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងដូចថ្ងៃនេះស្រាប់។ ហើយលោកបានសង្កេតឃើញថាសិក្ខាកាម បានយកចិត្តទុកដាក់សិក្សាស្វែងយល់ ក្រេបជញ្ជក់ចំណេះដឹង ដែលគ្រូឧទ្ទេសនាមរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាត់បង្រៀនបំប៉នជំនាញបន្ថែមនូវមេរៀនដូចបានរៀបរ៉ាប់ខាងលើ លទ្ធផលនៃការធ្វើតេស្តសមត្ថភាពតាមរយៈសំនួរ ចម្លើយ ទទួលបានលទ្ធផលល្អប្រសើរ ដែលជាមោទនភាព ក្នុងនោះ និទ្ទេសល្អមានចំនួន ៦៦ នាក់ស្មើ នឹង៧២%. ល្អបង្គួរមានចំនួន២៦នាក់ស្មើនឹង ២៨ % មធ្យមមានចំនួន០១នាក់ ស្មើនឹង១%។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តបានផ្ដាំផ្ញើ ដល់អស់លោកស្រី ដែលជាសិក្ខាកាមទាំងអស់ដែលទើបតែបានបញ្ចប់វគ្គបំប៉នរយ:ពេលកន្លងមកនេះ ពេលដែលវិលត្រឡប់ទៅបំរើការងារនៅអង្គភាពសាម៉ីខ្លួនវិញ ត្រូវយកចំណេះដឹងដែលមានរយៈពេលកន្លងមករួមផ្សំនិងចំណេះដឹងដែលបានបំប៉នបន្ថែមមកនេះយកទៅបំរើភាពសុខសាន្តប្រជាពលរដ្ឋ ក្នុងការរស់នៅ។
លោកឧត្តមសេនីយ៍ ស្នងការនគរបាល ស្នើឲ្យ ថែរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ និងពង្រឹងបន្ថែមនូវចំណេះដឹង ដើម្បីបង្កើនសមត្ថភាព របស់ខ្លួន ឲ្យមានភាពរឹងមាំបន្ថែមទៀតសម្រាប់ការអនុវត្តភារកិច្ចជាប្រចាំថ្ងៃទទួលបានភាពជោជ័យបន្តទៀត។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានថ្លែងឲ្យកងកម្លាំងបង្កើនការចាប់អារម្មណ៍ និងប្រឆាំងដាច់ខាតរាល់ ឧបាយកលរបស់ពួកឧទ្ទាមប្រឆាំងក្រៅច្បាប់ ដែលតែងតែធ្វើសកម្មភាពបង្ករឲ្យមានភាពអសន្ដិសុខ តាមរយៈសកម្មភាពផ្សេងៗ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម បំផ្លាញ់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរបស់ប្រទេសជាតិ ៕