លទ្ធផល​នៃ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០​ រវាង​ភាគី​សហជីព​ និង​និ​យោ​ជោក​មាន​គ​ន្លា​ត​គ្នា​ ១៥​ដុល្លារ​

06-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ ហេង​ សួរ​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ សម្រាប់​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ភាគី​និ​យោ​ជោក​បាន​លើកយក​តួលេខ​ចំនួន​ ១៨៤​ដុល្លារ​ និង​ភាគី​សហជីព​ចំនួន​ ១៩៩​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០​ខាង​មុខ​។​

​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ លើក​ទី​៣​ នៅ​ទីស្តីការក្រសួង​ លោក​ ហេង​ សួរ​ មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​សម្រាប់​តួលេខ​លើក​ឡើង​ រវាង​ភាគី​និ​យោ​ជោក​ និង​ភាគី​សហជីព​នៅ​ថ្ងៃនេះ​ មិន​ចម្លែក​ទេ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​ ដែល​ជា​ទូទៅ​ភាគី​នីមួយៗ​ តែងតែ​បង្ហាញ​តួលេខ​ផ្តើម​ចេញពី​ខ្ពស់​ រីឯ​ម្ខាង​ទៀត​ផ្តើម​ចេញពី​ទាប​ ហើយ​អ្វី​ទាំង​អស់នេះ​ យើង​នឹង​កែសម្រួល​គោល​ជំហរ​បន្ត​ទៀត​នៅ​ពេល​ប្រជុំ​ថ្ងៃ​ខាង​មុខ​ ដោយ​យោង​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​តាម​បែប​សង្គម​និង​សេដ្ឋកិច្ច​ ដែល​យើង​ឯកភាព​គ្នា​កន្លង​មក​។​

​ទាក់ទង​នឹង​តួលេខ​ចំនួន​ ១៩៩​ដុល្លារ​របស់​ភាគី​សហជីព​ លោក​ សោម​ អូន​ តំណាង​ឲ្យ​ភាគី​សហជីព​ បាន​រំពឹង​ទុក​ថា​ ភាគី​និ​យោ​ជោក​នឹង​តម្លើង​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួលយក​បាន​ សម្រាប់​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត​។​

​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​បើក​កិច្ចចរចា​បន្ត​ទៀត​ នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ខាង​មុខ​ វេលា​ម៉ោង​៣​រសៀល​៕​

 

ចំនួនអ្នកទស្សនា

    20558097

  • ថ្ងៃនេះ491
  • ម្សិលមិញ14181
  • សប្តាហ៍នេះ491
  • ខែនេះ115641
  • ឆ្នាំនេះ115641
  • សរុប20558097