ក្រចេះ៖ មន្ត្រីជំនាញគយ និងរដ្ឋាករខេត្តក្រចេះសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងដឹកនាំសម្របសម្រួលដោយលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឆែកឆេរឃ្លាំងលក់ម៉ូតូចំនួន២កន្លែង រកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងម៉ូតូទាំង២កន្លែងមានឃ្លាំង ឈ្មោះយីហោ (រិនដា) និងឃ្លាំងទី២-ឈ្មោះ(យីហោ)
យង់ ស៊ាងហោ ដែលមានទីតាំងនៅក្បែរធនាគារអេស៊ីលីដា ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។
ប្រភពពីសមត្ថកិច្ចបន្តថានៅក្នុងប្រតិបត្តិការនោះឆែកឆេរឃ្លាំងចំនួន២ទីតាំងខាងលើគឺត្រូវបានមន្ត្រីជំនាញបានរកឃើញម៉ូតូអត់ពន្ធចំនួន៣៣គ្រឿង និងបានរឹបអូសយកទៅរក្សាទុកនៅស្នាក់ការគយ និងរដ្ឋាករខេត្តក្រចេះដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ។
ប្រធានសាខាគយនិងរដ្ឋាករខេត្តក្រចេះលោក ចាន់ សំបូរ បានបញ្ជាក់ឲ្យដឹងថា ការឆែកឆេរនេះធ្វើឡើងដោយមានចង្អុល បង្ហាញដឹកនាំសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ។
លោកបញ្ជាក់ថា ជាទូទៅនេះគឺជាបទ ល្មើសគយ ហើយកាលណាបើគាត់មិនបានបំពេញកាតព្វកិច្ច បង់ពន្ធគយ ប្រសិនបើមន្ត្រីលោករកឃើញថាម៉ូតូចំនួនប៉ុន្មានគ្រឿងដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធទេ និងរឹបអូសយកទៅរក្សាទុកសិនដើម្បីរង់ចាំឲ្យគាត់ទៅបំពេញឯកសារពន្ធគយ បង់ពន្ធ និងផាកពិន័យតាមច្បាប់ដែលបានកំណត់រួចនិងប្រគល់ឲ្យគាត់យកគេដាក់តាំងលក់ជាធម្មតាវិញ ៕