ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ ប្រវែង​រាប់​ពាន់​ម៉ែត្រ​ រួម​នឹង​ស្ពាន​.​លូ​.​ជា​ច្រើន​កន្លែង​ បាន​រង​នូវ​ការ​ហូរ​ដាច់​ និង​ច្រោះ​ ស្រុត​ ដោយសារ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​

09-September-2019 | ដោយ ពលមនសិការ

ព្រះ​វិហារ​៖​ គ្រោះ​ធម្មជាតិ​នៃ​ជំនន់​ទឹកភ្លៀង​ នៅ​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ បាន​ធ្វើ​ឲ្យ​ហេ​ត្ថា​រចនាសម្ព័ន្ធ​ជា​ច្រើន​ ក្នុង​ឃុំ​ចំនួន​៣​ រង​នូវ​ការ​ខូចខាត​ ជា​ពិសេស​គឺ​ផ្លូវលំ​គ្រួ​ស​ក្រហម​ជា​ច្រើន​ពាន់​ម៉ែត្រ​ ត្រូវ​ទឹកជំនន់​ហូរ​ដាច់​ និង​ច្រោះ​ ព្រមទាំង​ស្ពាន​.​លូ​ជា​ច្រើន​កន្លែង​ស្រុត​បាក់​ នឹង​ផ្ទៃដី​កសិកម្ម​ស្រែ​ចំការ​ របស់​ប្រជាពលរដ្ឋ​ ជា​ច្រើន​ហិ​កតា​រង​ការ​ខូច​ និង​នៅ​កំពុង​ជន់​លិច​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​ ដែល​ទទួល​បាន​ពី​លោក​ សេត​ សែន​ មេឃុំ​រំដោះ​ស្រែ​ បាន​បង្ហាញ​ថា​ ឃុំ​រំដោះ​ស្រែ​ ជំនន់​ទឹកភ្លៀង​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣១​ ខែសីហា​ រហូត​មក​ដល់​ថ្ងៃ​ទី​៦​ ខែកញ្ញា​ គ្រោះ​ធម្មជាតិ​ទឹកជំនន់​ បាន​ធ្វើ​ឲ្យ​ផ្លូវលំ​គ្រួ​ស​ក្រហម​ជនបទ​ប្រវែង​១៧៧២​ម៉ែត្រ​ និង​ផ្លូវលំ​គ្រួ​ស​ក្រហម​មូលនិធិ​ឃុំ​ប្រវែង​១១០៨​ម៉ែត្រ​ រង​នូវ​ការ​ហូរ​ដាច់​ និង​ច្រោះ​ ហើយ​ស្ពាន​ លូ​ អណ្ដូង​ សរុប​ចំនួន​២៩​កន្លែង​ ក៏​បាន​រង​ការ​បាក់​ស្រុត​ ផង​ដែរ​។​

​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ បង្គន់​អនាម័យ​ចំនួន​៨​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ រួម​និង​ផ្ទៃដី​បង្កបង្កើន​ផល​ របស់​ប្រជាពលរដ្ឋ​ចំនួន​១៤៩​ហិ​កតា​ ក៏​បាន​រង​ការ​ខូចខាត​ ដោយសារ​ទឹកជំនន់​នេះ​ផង​ដែរ​។​

​ជាមួយនឹង​ស្ថានភាព​ទឹកជំនន់​នេះ​ដែរ​ លោក​ ហ៊ឹ​ម​ ហឿ​ន​ មេឃុំ​យាង​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ នៅ​ថ្ងៃអាទិត្យ​ ទី​៨​ ខែកញ្ញា​ តាម​ប្រព័ន្ធ​Telegram​ មក​ថា​ ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ជនបទ​ប្រវែង​១.៥៣៥​ម៉ែត្រ​ និង​ក្បាល​លូ​ ចំនួន​២​កន្លែង​ ក៏​បាន​រង​នូវ​ការ​ខូចខាត​ ដោយ​ទឹក​ហូរ​ធ្វើ​ឲ្យ​ដាច់​ និង​ច្រោះ​ ស្រុត​ផង​ដែរ​។​

​លោក​មេឃុំ​ក៏​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ជំនន់​ទឹកភ្លៀង​ នៅ​កំពុង​ជន់​លិច​ផ្លូវ​ជាង​២០០០​ម៉ែត្រ​ នឹង​ផ្ទៃដី​ស្រែ​ចំការ​ របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា​ផង​ដែរ​។​

​លោក​មេឃុំ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ទោះបីជា​ជំនន់​ទឹកភ្លៀង​កំពុង​ស្រក​ចុះ​ទៅ​វិញ​ជា​បណ្តើរៗ​ហើយ​ក្តី​ ប៉ុន្តែ​ការ​ស្រក​ចុះ​នេះ​មាន​សភាព​យឺត​ខ្លាំង​ណាស់​។​

​ដោយឡែក​សេចក្តីរាយការណ៍​ពី​ឃុំ​ព្រីង​ធំ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ខ្សែ​ ផ្លូវលំ​គ្រួ​ស​ក្រហម​ពី​ភូមិ​អូរ​កក់​ទៅ​ដល់​ភូមិ​ក្រឡាពាស​ ក៏​បាន​ជន់​លិច​ចំនួន​៣​កន្លែង​ និង​លូ​ចំនួន​ ៤​កន្លែង​ មាន​ប្រវែង​លិច​សរុប​ស្មើនឹង​១.៧០០​ម៉ែត្រ​។​ ក្នុង​នោះ​ដោយ​ចំណុច​លិច​ទី​១​ មាន​ផ្លូវ​ប្រវែង​៦០០​ម៉ែត្រ​ និង​លូ​ទោល​ចំនួន​១​កន្លែង​។​ ចំណុច​លិច​ទី​២​ ប្រវែង​៣០០​ម៉ែត្រ​ លូ​ភ្លោះ​ចំនួន​១​កន្លែង​។​ និង​ចំណុច​លិច​ទី​៣​ ប្រវែង​៨០០​ម៉ែត្រ​ លូ​ប្រអប់​ចំនួន​២​កន្លែង​ នៅ​ភូមិ​ក្រឡាពាស​។​

​សូម​ជម្រាប​ថា​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៨​ ខែកញ្ញា​នេះ​ ស្ថានភាព​ទឹកស្ទឹង​សែន​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ មាន​កម្ពស់​ ១៤.០៦​ម៉ែត្រ​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ចាប​ កុយ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រះវិហារ​៕


ចំនួនអ្នកទស្សនា

    20556737

  • ថ្ងៃនេះ13321
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92401
  • ខែនេះ114281
  • ឆ្នាំនេះ114281
  • សរុប20556737