តាកែវ៖ ក្រុមប្រជាពលរដ្ឋ ប្រមាណជាង៣០គ្រួសារ ដែលរស់នៅក្នុងព្រៃភូមិដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានច្រានចោល និងអះអាងថា ពួកគាត់ពិតជាមិនបានផ្តិតស្នាមមេដៃ ឬប្ដឹងទៅលើលោក សែម សារ៉ាឌី ពាក់ព័ន្ធទៅនិងរឿងធ្វើរបងចូលក្នុងប្រឡាយទឹកក្នុងភូមិនោះទេ ព្រោះការសាងសង់នេះម្ចាស់សំណង់ធ្វើទៅតាមប្លង់កម្មសិទ្ធិដែលចេញដោយមន្ទីរសូរិយោដី។
លោក ជី វណ្ណៈ តំណាងឲ្យប្រជាពលរដ្ឋ ដែលបានចូលរួមដឹងឮ ក្នុងការវាស់វែងព្រំប្រទល់ដី និងព្រំប្រឡាយពីសំណាក់អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានបណ្ដាញសារព័ត៌មានជាច្រើន បានចុះផ្សាយថា មានប្រជាពលរដ្ឋប្តឹង ម្ចាស់សំណង់របង ស្ថិតនៅភូមិក្បាលដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ថាបានសង់របងរំលោភចូលប្រឡាយទឹកនោះ តាមការពិតប្រជាពលរដ្ឋក្នុងភូមិមិនបានប្ដឹងផ្ដល់អ្វីនោះទេ ព្រោះយើងយល់ឃើញថាការសាងសង់របងពីសំណាក់ម្ចាស់ដីនេះ ខ្លួនគាត់ធ្វើទៅតាមប្លង់កម្មសិទ្ធិ ហើយរឿងចូលឬមិនចូលប្រឡាយ ទុកឲ្យមន្ត្រីជំនាញវាស់វែងចុះ ហើយការចុះផ្សាយនេះ ក្នុងគោលបំណងបង្ខូចកេរ្ដិ៍ឈ្មោះរបស់លោក សែម សារ៉ែនឌី តែប៉ុណ្ណោះ។
លោក ជី វណ្ណៈ បន្ថែមទៀតថា តំណាងក្រុមប្រជាពលរដ្ឋជាង ៣០គ្រួសារ ដែលរស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ បាននាំគ្នាចេញមុខអះ អាងថា ពួកគាត់មិនដែលបានប្ដឹង និងតវ៉ាអ្វីនោះទេ ព្រមទាំងបានច្រានចោលចំពោះការចោទ ប្រកាន់ខុសការពិតថាមានពួកគាត់ ដែលជាពលរដ្ឋរស់នៅដីខាងក្រោយៗ ថាបានប្ដឹងម្ចាស់សំណង់ ឈ្មោះ សែម សារ៉ែនឌី ថាបានសង់របងរំលោភចូលប្រឡាយទឹកជាច្រើនម៉ែត្រ នឹងមើលដាច់កន្ទុយភ្នែកនោះជាការចុះ ផ្សាយមិនពិតឡើយ ដែលការចុះផ្សាយនេះគឺជាភ័ណ្ណច្រឡំ និងមិនមានមូលដ្ឋានច្បាស់លាស់ឡើយ។
ជុំវិញការចោទប្រកាន់នេះដែរ លោក សែម សារ៉ែនឌី ក្នុងនាមម្ចាស់សំណង់របង និងជាម្ចាស់ដីផ្ទាល់បានបញ្ជាក់ថា ការសាងសង់របងនេះ គឺរូបលោកសាងសង់តែទៅលើប័ណ្ណកម្មសិទ្ធរបស់លោកតែប៉ុណ្ណោះ ហើយការសាងសង់របងនេះដែរ គឺដីរបស់លោកជាប់នឹងប្រឡាយទឹក ដូច្នោះក្នុងនាមលោកជាម្ចាស់ដីផ្ទាល់ រូបលោកនឹងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ឲ្យចុះវាស់វែងម្តងទៀត ដើម្បីកំណត់ ឲ្យបានច្បាស់អំពីព្រំដីរបស់លោក និងព្រំប្រឡាយ ពិសេសឲ្យជំនាញវាស់វែងរបងគាត់ ថាតើការសាងសង់ របងនេះ ចូលប្រឡាយទឹកដែរឬយ៉ាងណា ហើយប្រសិនបើការសាងសង់របងនេះ ចូលប្រឡាយទឹកមែន រូបលោកនឹងវៃរបងនេះចេញភ្លាម ព្រោះរូបលោកមិនមានបំណងចង់បានដីប្រឡាយទឹក ដែលជាប្រយោជន៍សាធារណៈ យកមកធ្វើជាកម្មសិទ្ធិនោះទេ ហើយដីប្រឡាយទឹក ១ម៉ែត្រ ឬ២ម៉ែត្រនេះ រូបលោកចង់បានធ្វើអ្វី បើដីរបស់គាត់មាន ១០ ឬ២០ ហិកតាឯនោះ ទៅចង់បានអ្វីដីប៉ុណ្ណឹងនោះ។
ជាចុងក្រោយលោក ក៏សូមសំណូមពរដល់បណ្ដាអ្នកសារព័ត៌មានទាំងឡាយ ដែលបានចុះផ្សាយ ហើយនោះសូមជួយធ្វើការកែតម្រូវ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់រូបលោក និងជួយបង្ហាញភាពស្អាតស្អំជូនរូបលោក ក៏ដូចជាអាជ្ញាធរផង។
យោងតាមការបញ្ជាក់ពីលោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្ត បានបញ្ជាក់នៅពេលដឹកនាំមន្ត្រីជំនាញ សហការជាមួយ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ នឹងអ្នកពាក់ព័ន្ធ បានចុះទៅវាស់វែងកំណត់ព្រំដីជាក់ស្ដែង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ថា ចំពោះការសាងសង់របងរបស់ម្ចាស់ដីឈ្មោះ សែម សារ៉ែនឌី គឺយើងបានចុះវាស់វែងជាក់ស្ដែង បានឃើញថា ផ្នែកខាងមុខ ចាប់ពីក្បាលដីលេខ ២០២ ទល់នឹងប្រឡាយទឹកបានសង់ចូលប្រឡាយទឹក ១,៤ម៉ែត្រ (មួយម៉ែត្របួនតឹក) នឹងបានសង់ចូលចំណីផ្លូវជាតិលេខ៣ ប្រវែង ៦ម៉ែត្រ (ប្រាំមួយម៉ែត្រ) នឹងផ្នែកនៅខាងក្រោយ នៅលើក្បាលដីលេខ ២៣២ មានប្រវែង ៧៦,៩៦ម៉ែត្រ (ចិតសិបប្រាំមួយក្បៀសកៅសិបប្រាំមួយម៉ែត្រ) ចុងខាងលិចរបងដែលបានសង់រួចនោះ គឺសង់មិនចូលប្រឡាយទឹកនោះទេ ហើយម្ចាស់បានសង់ថយក្រោយចូលដីរបស់ខ្លួន ១ម៉ែត្រវិញ។
បើតាមលោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្ត និងអាជ្ញាធរស្រុកត្រាំកក់ នឹងទុករយៈពេល ឲ្យលោក សែម សារ៉ែនឌី ចំនួន៩០ថ្ងៃ ដើម្បីរុះរើ និងរំកិលរបងចេញពីប្រឡាយ ដែលសង់ចូលប្រឡាយទឹកនេះ ហើយក្នុងនោះដែរ ម្ចាស់ដីខាងលើ ក៏បានយល់ព្រម និងឯកភាពរុះរើរបងនេះចេញផងដែរ ៕