ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាដែលទទួលបានពីការបរិច្ចាគកន្លងមកចំនួនប្រាំបីប៊ីលានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីរសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាដែលទទួលបានពីការបរិច្ខាគកន្លងមកចំនួន ៨ ០០០ ០០០ ០០០ (ប្រាំបីប៊ីលាន) រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារ និងទារកដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។
ការប្រគល់ជូននេះជាកិច្ចសហប្រតិបត្តិការ និងការគាំទ្រជាបន្តបន្ទាប់របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង ក្នុងស្មារតី "ខ្មែរជួយខ្មែរ"។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងការបរិច្ចាគ ដើម្បីចូលរួមសម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
- ធនាគារកាណាឌីយ៉ា
- ធនាគារអេស៊ីលីដា
- ធនាគារ ABA
- ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
- ភ្នាក់ងារវេប្រាក់ TrueMoney
- ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh ៕