សៀមរាប៖ អ្នកធ្វើដំណើរតាមដងផ្លូវ២នាក់ បានរងរបួសដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើសង្កត់លើ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧នឹង១៥នាទី នៅចំណុចជិតគល់ស្ពានមុខវត្ត ព្រះឥន្ទកោសា (វត្តកណ្តាល) ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថាជនងរងគ្រោះទាំង២នាក់រួមមានទី១-ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ សិស្សទី៩ រស់នៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប រងរបួសធ្ងន់ជើងខាងស្តាំ រយះសកំភួនជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិក សឹង រិទ្ឋីរ៉េត និងខូចខាតម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០។ ទី២-មិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ៤០ឆ្នាំ របួសស្រាល កំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានយកម៉ូតូ ០១គ្រឿង ដែលផ្ញើគេនៅជិតកន្លែងកើតហេតុ យកមករក្សាទុកនៅប៉ុស្តិ៍គឺម៉ាកC១២៥ ពណ៌ខ្មៅ ផលិត២០០៤។ កំណាត់ផ្លូវខាងកើតស្ទឹងពីវត្តពោធិលង្ការ ដល់វត្តព្រះឥន្ទកោសា ស្ថិតក្នុង ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ត្រូវបាន ផ្អាកចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ននា។
ក្រោយពីកើតហេតុលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកអភិបាលរងក្រុងសៀមរាប រួមជាមួយក្រុមការងារជាច្រើននាក់ទៀត បាន ជួយអន្តរាគមន៍នៅកន្លែងកើតហេតុនោះផងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច រួមជាមួយក្រុមការងារនៃរដ្ឋបាលក្រុង និងខេត្តដឹកនាំផ្ទាល់ដោយ ឯកឧត្តមអភិបាលខេត្តសៀមរាប កំពុងកាត់ដើមឈើដែលដួលនិងដឹកយកចេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ឡើងវិញ ៕