បន្ទាយមានជ័យ៖ រថយន្តTOYOTA ALPHARD ស៊េរីទំនើប១គ្រឿង បានបាត់ហើយត្រូវម្ចាស់ជនជាតិថៃឆែកតាមប្រព័ន្ធGPS ថានៅក្បែរព្រំដែនក្នុងទឹកដីកម្ពុជា ប្តឹងសមត្តកិច្ចរកឃើញប្រគល់ជូនវិញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុសិរីសោភ័ណឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ជីរ៉ាវ៉ាត់ លើតការស៊ីត ហៅធីម ភេទប្រុស (ជាជនជាតិថៃ) បានប្តឹងតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃដែលបានបាត់រថយន្តTOYOTA ALPHARD ពណ៌ខ្មៅ ដែលមានលេខតួAGH.300204167 និងលេខម៉ាស៊ីន2ARJ128323 ដែលពាក់ស្លាក់លេខក្រុងថេបមហាណាខន(ស.៥០៨៤)ហើយម្ចាស់រថយន្តបានឆែកប្រព័ន្ធGPSថារថយន្តនៅក្បែរព្រំដែនក្នុងទឹកដីកម្ពុជា។
លោកបានបញ្ជាក់ថាក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងបានស្រាវជ្រាវតាមប្រព័ន្ធGPS បានរកឃើញរថយន្តTOYOTA ALPHARD នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ក្បែរព្រំដែនស្ថិតភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្រោយពេលធ្វើឯកសារ បានប្រគល់ជូនម្ចាស់ជាជនជាតិថៃវិញ។ បច្ចុប្បន្នកម្លាំងកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយដើម្បីចាប់ខ្លួនជនសង្ស័យដែលលួចរថយន្តពីទឹកដីថៃហើយលួចនាំចូលឆ្លងដែនចូលមកទុកចោលក្បែរព្រំដែនក្នុងភូមិសាស្ត្រស្រុកថ្មពួក ៕ដោយ៖ចន្ត្រា