ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គ​.​ប​.​ផ​.​ក​)​ និង​ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EUROCHAM)

12-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៤​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​ មាន​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គ​.​ប​.​ផ​.​ក​.)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EUROCHAM)​ ស្តី​ពី​«​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​នាំ​ចូល​ ការ​ផលិត​ និង​ការ​ចែកចាយ​នូវ​ផលិតផល​ក្លែងក្លាយ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​បាន​យោង​តាម​សិទ្ធិ​ប្រទាន​ លេខ​ ៤៦​ ស​.​ប្រ​.​ទ​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រទាន​សិទ្ធិ​ពេញ​សមត្ថភាព​ជូន​ នាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គ​.​ប​.​ផ​.​ក​.)​ ដើម្បី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​នេះ​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ទ្បាំ​ ជា​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​ គ​.​ប​.​ផ​.​ក​.​ លោក​ ARNAUD​ Darc​ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ លោក​ Philippe​ Baudry​ ប្រធាន​បេសកកម្ម​ពា​ណិ​ជ្ច​កម្ម​ នៃ​ស្ថានទូត​បារាំង​​ប្រចាំ​នៅ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ថ្នាក់ដឹកនាំ​ គ​.​ប​.​ផ​.​ក​.​ អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ តំណាង​អគ្គនាយកដ្ឋាន​នីមួយៗ​ ចំណុះ​ក្រសួងមហាផ្ទៃ​ អង្គការ​នានា​ សមាជិក​ សមាជិកា​ នៃ​គ​.​ប​.​ផ​.​ក​.​ និង​ EUROCHAM​ រួម​ទាំង​ ក្រុមហ៊ុន​ឯកជន​ សរុប​ជាង​២០០​រូប​។​

​នា​ឱកាស​នោះ​ នាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ មាន​ប្រសា​ន៍​ថា​ បញ្ហា​ឱសថ​ក្លែងក្លាយ​ ឱសថ​អន់​គុណភាព​ការ​រក្សា​ទុក​ និង​បាត់បង់​ប្រសិទ្ធភាព​ឱសថ​ បញ្ហា​ចំណីអាហារ​ខូចគុណភាព​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​ ការ​លួច​ចំលង​ផលិតផល​ ការ​រំលោភ​កម្មសិទ្ធិបញ្ញា​ក៏​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ក្លែងក្លាយ​ គឺ​សុទ្ធ​សឹង​ជា​បញ្ហា​ ដែល​កំពុង​កើត​មាន​ និង​បាន​ញាំញី​ គំរាមកំហែង​ដល់​សុខភាព​ អាយុជីវិត​ប្រជាជន​ក្នុង​សង្គម​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ដែល​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​បង្កើត​យន្តការ​ចម្រុះ​ និង​ធ្វើ​កិច្ចសហការ​ប្រតិបត្តិការ​ទាំង​ថ្នាក់​តំបន់​ និង​សកលលោក​ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ នៃ​ច្បាប់​ជាតិ​ និង​សន្ធិសញ្ញា​អន្តរជាតិ​ មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ ដាក់ទោស​ទណ្ឌ​ដល់​ឧក្រិដ្ឋជន​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ស្ថាន​ទំងន់ទោស​ ដែល​មាន​ចែង​ក្នុង​ច្បាប់​។​

​ឯក​នាយ​ឧត្តមសេនីយ៍​ បាន​បន្ត​ថា​ ការ​ចុះ​អនុស្សរណៈ​​យោគយល់​គ្នា​នេះ​ គឺជា​យន្តការ​ និង​ពង្រឹង​ការ​ទទួលខុសត្រូវ​មួយ​បន្ថែម​ទៀត​ ក្នុង​កិច្ច​ការពារ​ជា​ដៃគូរ​ក្នុង​វិស័យ​ធុរកិច្ច​ពា​ណិ​ជ្ច​កម្ម​សម្រាប់​ទំនុកចិត្ត​ និង​លំហូរ​ អ្នក​វិនិយោគ​បរទេស​ មក​កាន់​កម្ពុជា​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ និង​បណ្តា​ប្រទេស​នានា​លើ​ពី​ភព​លោក​។​ កន្លង​មក​ គ​.​ប​.​ផ​.​ក​ បាន​បង្ក្រាប​បំផ្លាញ​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​រាប់រយ​តោន​ និង​បាន​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​ ទៅ​តាម​ច្បាប់​រាប់​សិប​ករណី​។​

នាយ​ឧត្តមសេនីយ៍​ ក៏​បាន​លើក​ទ្បើ​ង​អំពី​ EBA​ (Everything​ But​ Arms)​ ដោយ​ថ្មីៗ​នេះ​ទោះជា​សហគមន៍​អឺរ៉ុប​ បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែកុម្ភៈ​នូវ​ដំណើរការ​រយៈពេល​ ១៨​ខែ​ ដែល​អាច​នាំ​ឲ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដោយ​អនុគ្រោះ​ពន្ធ​ របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្រោម​គម្រោង​ EBA​ យើងខ្ញុំ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ​ នឹង​ជា​កម្លាំង​ច​លករ​ និង​ហេតុផល​សំខាន់​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​ជម្រុញ​ធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប​ពិចារណា​ទ្បើ​ង​វិញ​លើ​ចេតនា​ និង​ឆន្ទៈ​កម្ពុជា​ ក្នុង​កិច្ច​ប្រឹងប្រែង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប​និង​ពិភពលោក​ទាំងមូល​ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​វិនិយោគទុន​ទាំង​ក្នុង​ប្រទេស​-​ក្រៅប្រទេស​ និង​ភាព​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​ សុខ​សន្តិភាព​ វិបុលភាព​ ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មិន​ជ្រាត​ជ្រែកចូល​អធិបតេយ្យភាព​ របស់​ប្រទេស​រៀងៗ​ខ្លួន​។​

​ក្នុង​សេចក្តី​ថ្លែង​ របស់​លោក​ ARNAUD​ Darc​ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ (EUROCHAM)​ បាន​ថ្លែង​ថា​ ជា​ការ​ពិត​នៅ​ពេល​ក្រុមហ៊ុន​ឯកជន​ព្យាយាម​នាំ​ចូល​ និង​ចែកចាយ​ឱសថ​ដែល​មានគុណ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​ គឺ​វត្តមាន​ឱសថ​ក្លែងក្លាយ​ ដែល​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​ របស់​អ្នកជំងឺ​រាប់​ពាន់​នាក់​។​ ដូច្នេះ​ អស់​រយៈពេល​២​ឆ្នាំ​ហើយ​ យើង​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ គ​.​ប​.​ផ​.​ក​ ក្រសួងសុខាភិបាល​ និង​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត​ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​។​

​លោក​ ARNAUD​ Darc​ បាន​បន្ត​ថា​នា​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ EUROCHAM​ បាន​រៀបចំ​កម្មវិធី​វេទិកា​ស្តី​ពី​ កម្មសិទ្ធិបញ្ញា​ ក្រោម​អធិបតីភាព​ នាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ ដោយ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​មក​ពី​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ចំនួន​១៥០​រូប​ និង​នា​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ សមាជិក​របស់​ EUROCHAM​ មក​ពី​ឧស្សាហកម្ម​ឱសថ​ក៏​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តី​ពី​«​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​»​ ក្រោម​អធិបតីភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ យើង​រួម​គ្នា​ធ្វើការ​ដោយ​មិន​ចេះ​នឿយហត់​ ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ និង​ក្រុមហ៊ុន​ឯកជន​ អំពី​ភាព​ចាំបាច់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតកម្ម​ ការ​ចែកចាយ​ និង​ការ​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​។​

​តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ដែល​បាន​ទន្ទឹង​រង​ចាំ​ជា​យូរ​មក​ហើយ​ យើង​សង្ឃឹមថា​មិន​ត្រឹមតែ​សមាជិក​ របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទាំង​ផ្នែក​ឯកជន​ទាំងមូល​នឹង​ឃើញ​ពាក្យបណ្តឹង​របស់​ពួក​គេ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​ ត្រូវ​បាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ ARNAUD​ Darc​ ក៏​សូម​អំពាវនាវ​ឱ្យ​មានការ​សហការ​ជិត​ស្និទ្ធ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដូច​ជា​៖​ ក្រសួងមហាផ្ទៃ​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ ក្រសួងយុត្តិធម៌​ និង​ក្រសួងសុខាភិបាល​ នៅ​ពេល​មាន​ករណី​ ឱសថ​ និង​គ្រឿងសំអាង​ក្លែងក្លាយ​។​

​សូម​រំលឹក​ផង​ដែរ​ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EUROCHAM)​ ត្រូវ​បាន​សម្ពោធ​ និង​បង្កើត​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១១​ នៅ​កម្ពុជា​ ក្នុង​គោលបំណង​លើកកម្ពស់​ផលប្រយោជន៍​ធុរកិច្ច​អឺរ៉ុប​ ដែល​កំពុង​ប្រតិបត្តិការ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន​អឺរ៉ុប​មក​ទីផ្សារ​កម្ពុជា​ និង​បង្កើត​បណ្តាញ​គាំទ្រ​ឲ្យ​បាន​ទូលំទូលាយ​ ក្នុង​ចំណោម​សមាជិក​ក្រុមហ៊ុន​របស់​ខ្លួន​។​ បច្ចុប្បន្ន​ EUROCHAM​ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ជាង​៣៤០​ ជា​សមាជិក​។​

​គូសបញ្ជាក់​ផង​ដែរ​ ការ​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​ គ​.​ប​.​ផ​.​ក​ និង​ EUROCHAM​ នៅ​កម្ពុជា​ គឺ​ក្នុង​គោលបំណង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​ការ​នាំ​ចូល​ ការ​ផលិត​ និង​ការ​ចែកចាយ​នូវ​ផលិតផល​ខូចគុណភាព​ ផលិតផល​ហួស​កាលបរិច្ឆេទ​ និង​ផលិតផល​បំពាន​ច្បាប់​ដ៏​ទៃ​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថ​ប្រ​យោ​ជ៍​ដល់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ និង​ដើម្បី​ការពារ​អ្នក​វិនិយោគ​សុច្ចរិត​ និង​សហគ្រាស​ទាំង​ទ្បា​យ​ ដែល​ប្រកប​មុខរបរ​ ស្របច្បាប់​ លើកទឹកចិត្ត​ ការ​ប្រកួតប្រជែង​ដោយ​ភាព​ត្រឹមត្រូវ​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ ។​

​ជាទី​បញ្ចប់​ នាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ បាន​ថ្លែងអំណរគុណ​ចំពោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្តេច​ក្រ​ទ្បា​ហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ផ្តល់​ការ​ដឹកនាំ​ និង​អនុញ្ញាត​ឲ្យ​មាន​ អនុស្សរណៈ​នេះ​ រួមចំណែក​ ផ្តល់​ផ្លែផ្កា​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ដូច​ការ​រំពឹង​ទុក​ក្នុង​ខ្លឹមសារ​ នៃ​ឯកសារ​នេះ​ ៕


ចំនួនអ្នកទស្សនា

    20556127

  • ថ្ងៃនេះ12711
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91791
  • ខែនេះ113671
  • ឆ្នាំនេះ113671
  • សរុប20556127