សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

13-September-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត (THONGLOUNSISOULITH ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម Bounnhang Vorachith ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពី លទ្ធផលនៃជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការជំរុញ និងការរឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាប្រពៃណីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានធ្វើជាសក្សីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើនច្បាប់។ ទាំងអស់នេះ គឺជាមូលដ្ឋានដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីបុរាណកាលមក ដើម្បីបន្តពូនជ្រុំឱ្យប្រទេសទាំងពីរមានការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនបន្ថែមទៀតថា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ នៅក្នុងនោះ ខ្លឹមសារដ៏សំខាន់ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។

ចំពោះបញ្ហាព្រំដែន ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវបានបញ្ជាក់ថា ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួងការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បន្តពិភាក្សាដោះស្រាយជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវមានជំនឿថា ប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។ ឯកឧត្តមសង្ឃឹមថា អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានល្អបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តី។

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានសារៈសំខាន់ដល់ការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះបានចាប់ផ្តើមស្ថាបនាឡើងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានសង្កេតឃើញថា ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់។ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការបានល្អប្រសើរ នៅក្នុងវេទិកាពហុភាគីក្នុងក្របខណ្ឌអាស៊ាន CLV, CLMV សហប្រតិបត្តិការមេគង្គ មហាអនុតំបន់មេគង្គ (GMS), ACMECS និងអង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកប្រទេសឡាវ ជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណសម្បត្តិបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរបន្តពិនិត្យដោះស្រាយខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់១៤%ទៀត ដោយឈរលើស្មារតីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងឯកសារពាក់ព័ន្ធដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរតរៀងទៅ។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បាននឹងកំពុងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយអតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យកំណើន សេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានមើលឃើញអំពី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រជាជន និងប្រទេសឡាវជាបងប្អូន និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគជ័យដ៏ធំធេងឧត្តុង្គឧត្តមក្នុងភារកិច្ចការពារ និង កសាងប្រទេស។

តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរពសេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តម ព្រមទាំងគណៈប្រតិភូ សូមមានសុខភាពល្អ និងសូមទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ៕

 

ចំនួនអ្នកទស្សនា

    20556267

  • ថ្ងៃនេះ12851
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91931
  • ខែនេះ113811
  • ឆ្នាំនេះ113811
  • សរុប20556267