ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា បានចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តសារាវ័ន្តតេជោ ដែលស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីបែបព្រះពុទ្ធសាសនានេះឯកឧត្តម សក់ សេដ្ឋានិងមន្ត្រី នៃក្រសួងមហាផ្ទៃជាច្រើនទៀតក៏បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកផងដែរ។
នៅក្នុងឱកាសចូលរួមកាន់បិណ្ឌទី៥នេះដែរឯកឧត្តមក៏បានប្រគេនបច្ច័យ និងទេយ្យទានមួយចំនួនទៀតប្រគេនដល់ព្រះសង្ឈដែលគង់ចាំព្រះវស្សានៅវត្តនោះផងដែរ។
ជាទូទៅរៀងរាល់ឆ្នាំនៅក្នុងរដូវពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទទាំងឡាយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ រួមនិងបច្ច័យយកមក ប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិរបស់កម្ពុជា នៅឆ្នាំនេះចាប់ផ្តើមពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៩។ ដោយចំនឹងថ្ងៃទីពីរនៃពិធីបុណ្យតាមបែបព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋខ្មែរគ្រប់នេះ គេសង្កេត ឃើញពុទ្ធបរិស័ទគ្រប់សន្ទាបវណ្ណៈទាំងអស់ បានយកចង្ហាន់និងទេយ្យទានផ្សេងៗទៀតទៅប្រ គេនព្រះសង្ឈដែលគង់ចាំព្រះវស្សា នៅវត្តនានាទូទាំងប្រទេសប្រកបដោយស្នាមញញឹមនិងរីករាយបំផុត៕