រតនគិរី៖ ប្រពន្ធកូនស្រែកទ្រហោយំ ទ្រហឹងខណៈបុរសម្នាក់ស្លាប់ក្នុងករណីរន្ទះបាញ់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកវាលស្រែ ស្ថិតក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។
សពជនរងគ្រោះឈ្មោះ កន្ទង ច្រុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិដើមភាគតិចព្រៅ មានមុខរបរជាកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោក ទឺ នូថង អធិការនគរបាល ស្រុកវើនសៃ បានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់មធ្យម រយៈពេលប្រហែលជា ជិតពីរម៉ោង ហើយថមថយទៅវិញ មិនទាន់រាំង ជនរងគ្រោះបានចេញទៅឆ្លុះកង្កែប ខណៈពេលជនរង្គ្រោះកំពុងដើរតាមប្រឡាយទឹកនៅតាមវាលស្រែ ស្រាប់តែរន្ទះបាញ់ បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែងតែម្ដង។
បន្ទាប់ពីបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ផ្ទះជនរងគ្រោះពិនិត្យសាកសព ក្រោយពេលសាច់ញាតិ បានយកសពរងគ្រោះមកដល់ផ្ទះ ហើយធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ជនជាតិដើមភាគតិច៕