លទ្ធផល​ជំនួប​រវាង​ លោក​ ប្រាក់​ សុ​ខុន​ ជាមួយ​អនុរដ្ឋលេខាធិការ​សភា​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស​

19-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ​ Heather​ Wheeler​ អនុរដ្ឋលេខាធិការ​សភា​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​។​

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​សម្តែង​ការ​អបអរសាទរ​ ចំពោះ​ការ​កាន់​មុខ​តំណែង​ថ្មី​នេះ​របស់​លោក​ជំទាវ​ និង​បាន​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ជំទាវ​មក​កាន់​កម្ពុជា​ ដែល​នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​សំដែង​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ញឹកញាប់​ កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រួម​នឹង​វត្តមាន​ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​ជា​ច្រើន​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​។​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​កត់សម្គាល់​ដោយ​ក្តី​រីករាយ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​អង់គ្លេស​ ដែល​មាន​ទំហំ​ជាង​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ 

​លោក​ជំទាវ​ Heather​ Wheeler​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ ហើយ​សង្ឃឹមថា​ ទំនាក់ទំនង​នេះ​ នឹង​បន្ត​រីក​លូតលាស់​បន្ថែម​ទៀត​។​ លោក​ជំទាវ​ បាន​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ផ្នែក​សេដ្ឋកិច្ច​ និង​ចាប់អារម្មណ៍​លើ​កា​រវិ​វ​ឌ្ឍ​ថ្មីៗ​នៃ​នយោបាយ​នៅ​កម្ពុជា​។​ ​ចំពោះ​សភាពការណ៍​នយោបាយ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ កន្លង​មកនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​គណបក្ស​នយោបាយ​បំពាន​ច្បាប់​។​ នោះ​គឺជា​ការ​ អនុវត្ត​គោលការណ៍​នីតិរដ្ឋ​ ដើម្បី​ពង្រឹង​ដំណើ​ការ​លទ្ធិប្រជាធិបតេយ្យ​ និង​ធានា​សន្តិភាព​ ស្ថេ​ភាព​នៅ​ក្នុង​ ប្រទេស​។​ មក​ដល់​ប​ន្ចុ​ប្បន្ន​នេះ​ បុគ្គល​ដែល​ជាប់​បំរាម​សកម្មភាព​នយោបាយ​មាន​សិទ្ធិ​អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​របស់​ខ្លូ​ន​ឡើង​វិញ​ទៅ​តាម​ច្បាប់​។​ទន្ទឹម​នឹង​នោះ​ សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ធានា​។​ កង្វល់​នានា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស​ ត្រូវ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​តាម​ការ​រៀបចំ​វេទិកា​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ប្រកាស​ថា​ នឹង​ ផ្តល់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ក្រុម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​ (LDCs)​ ៤៨​ប្រទេស​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ចាកចេញ​ផុត​ពី​សហភាព​អឺរ៉ុប​(Brexit)​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​ជា​ច្រើន​របស់​ចក្រភព​អង់គ្លេស​ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ នៅ​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ជំរាប​ជូន​អំពី​ការ​ត្រៀមលក្ខណៈ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ (ASEM)​ នៅ​ចុង​ឆ្ឋាំ​២០២០​ខាង​មុខ​នេះ​ ហើយ​កម្ពុជា​និង​ដាក់​ប្រធានបទ​សំរាប់​កិច្ចប្រជុំ​កំពូល​នេះ​ជូន​ថ្នាក់​រដ្ឋមន្ត្រី​ ASEM​ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​ ប្រទេស​អេ​ស្ប៉ា​ញ​។​ កម្ពុជា​សង្ឃឹមថា​ ឯកឧត្តម​នាយក​រដ្ឋ​ម​ន្រី្ត​អង់គ្លេស​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ (ASEM)​ នៅ​កម្ពុជា​។​ ចំពោះ​ទំនាក់ទំនង​រវាង​អាស៊ាន​-​ចក្រភព​អង់គ្លេស​ លោក​ជំទាវ​ Heather​ Wheeler​ បាន​បង្ហាញ​ក្តី​សង្ឃឹមថា​ កម្ពុជា​នឹង​ជួយ​គាំទ្រ​អង់គ្លេស​ឲ្យ​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ ក្រោយ​ពី​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នា​ពេល​ខាង​មុខ​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​លោក​ជំទាវ​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ចក្រភព​អង់គ្លេស​ ក្នុង​ការ​ជំរុញ​ចំណងទាក់ទង​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​រឹង​មាំ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​ លោក​ជំទាវ​ បាន​គូសបញ្ជាក់​ថា​ អង់គ្លេស​ចង់​ឃើញ​ការ​ធានា​បាន​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ចំពោះ​កង្វល់​នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​អាស៊ាន​ និង​ចិន​កំពុង​ពិភាក្សា​លើ​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​សង្ឃឹមថា​ក្រម​ប្រតិបត្តិ​នេះ​និង​អនុម័តិ​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​។​ កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ទាមទារ​សិទ្ធិ​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​ ហើយ​ក៏​ពុំ​មាន​ជំហរ​លំអៀង​ទៅ​រក​ភាគី​ណាមួយ​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ​នោះ​ដែរ​។​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​ថា​ អ្វី​ដែល​កម្ពុជា​ចង់បាន​ គឺ​ការ​រក្សា​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ ក្នុង​នោះ​មានច្បាប់​សមុទ្រ​(UNCLOS)​ ៕

 

ចំនួនអ្នកទស្សនា

    20556507

  • ថ្ងៃនេះ13091
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92171
  • ខែនេះ114051
  • ឆ្នាំនេះ114051
  • សរុប20556507