ស្វាយរៀង៖ ជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់រោទិ៍ ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៣នឹង១៥នាទី។
មន្ត្រីនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វីលួ លីភី អាយុ៤៨ឆ្នាំ ជនជាតិម៉ាឡេស៊ី ព្រមទាំងបាន ដកហូតថ្នាំញៀនចំនួន០៣កញ្ចប់តូច និងដោយមានការចង្អុលបង្ហាញ ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់រោទិ៍ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០៧នាក់បន្ថែមទៀត។
មន្ត្រីនគរបាលដដែលបានបន្តថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៨នាក់ ប្រុស (ជនជាតិ ម៉ាឡេស៊ីម្នាក់) និងដកហូតវត្ថុតាង៖ថ្នាំញៀនចំនួន៥១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕