ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទាក់ទងនឹងផែនការនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលសារព័ត៌មានបានឲ្យដឹងថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនានិងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ។ ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។ សូមចូលរួមការពារនិងថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា ៕