លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​ អញ្ជើញ​សំណេះសំណាល​ និង​បំពាក់​អាវ​ពោង​ សុវត្ថិភាព​ ជូន​ដល់​កងកម្លាំង​

24-September-2019 | ដោយ ពលមនសិការ

កំពង់ធំ​៖​ នៅ​ថ្ងៃ​អង្គារ​ ១១​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​និង​ ៣០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ និង​លោក​ ម៉ាក់​ ប៊ុ​ន​ហុង​ អភិបាលក្រុង​ស្ទឹង​សែន​ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ ដល់​កងកម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​។​

​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​នាំ​យក​ប្រសាសន៍​ ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ ជា​ពិសេស​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​។​ តាម​រយៈ​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ក្នុង​ឱកាស​ដែល​លោក​ បាន​ចូលរួម​ក្នុង​ពិធី​ប្រជុំ​ កន្លង​មក​ដែល​ជា​និច្ចកាល​ ឯកឧត្តម​ ចង់​ដឹង​ សុខទុក្ខ​ ជីវភាព​ ក្នុង​កា​រស់នៅ​ ជា​ប្រចាំ​ថ្ងៃ​ របស់​កងកម្លាំង​ ដែល​បំពេញភារកិច្ច​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ នៅ​តាម​បណ្តា​មូលដ្ឋាន​ឃុំ​-​សង្កាត់​។​

​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​កោតសរសើរ​ ដល់​ថ្នាក់ដឹកនាំ​ នៃ​អង្គភាព​អធិការដ្ឋាន​គ​របាល​ក្រុង​ស្ទឹង​សែន​ ដែល​មាន​ភាព​រីក​ចម្រើន​គួរ​កត់សម្គាល់​ដូច​ជា​សំណង់​អាគារ​ ការិយាល័យ​សម្រាប់​បំពេញភារកិច្ច​ កងកម្លាំង​មាន​របៀបរៀបរយ​ និង​មាន​វិន័យ​ក្នុង​កង​ជួរ​បាន​ល្អ​ ដែល​ស្ដែង​ចេញពី​កត្តា​សាមគ្គីភាព​មាន​អង្គ​ឯកភាព​។​

​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ បាន​លើក​ឡើង​ អំពី​សភាពការណ៍​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​មូលដ្ឋាន​ទូ​ទាំង​ខេត្តកំពង់ធំ​ មាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ​ ប្រជាពលរដ្ឋ​ រស់នៅ​ មាន​ភាព​សុខដុមរមនា​ ដូច្នេះ​ហើយ​ក្នុង​នាម​យើង​ជា​កងកម្លាំងប្រដាប់អាវុធ​ ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ឲ្យ​បាន​រឹង​មាំ​បន្ថែម​ទៀត​ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ការពារ​ រដ្ឋាភិបាល​ស្របច្បាប់​ ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ដែល​ជា​ កាតព្វកិច្ច​ របស់​កងកម្លាំង​យើង​ ហើយ​ប្រឆាំង​​ដាច់ខាត​រាល់​ ឧបាយកល​របស់​ពួក​ឧទ្ទាម​ប្រឆាំង​ក្រៅច្បាប់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​បង្ករ​ឲ្យ​មាន​ភាព​អសន្ដិសុខ​ តាម​រយៈ​សកម្មភាព​ផ្សេងៗ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​។​

​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ និង​ លោ​ ម៉ាក់​ ប៊ុ​ន​ហុង​ អភិបាលក្រុង​ស្ទឹង​សែន​ បាន​ឧបត្ថម្ភ​ ថវិកា​មួយ​ចំនួន​ ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សម្រាប់​ចូលរួម​កសាង​អភិវឌ្ឍ​អង្គភាព​បន្ត​ទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ ស្ទឹង​សែន​ និង​ឧបត្ថម្ភ​ បំពាក់​អាវ​ពោង​ សុវត្ថិភាព​ ជូន​ដល់​កងកម្លាំង​សម្រាប់​ចេញ​ប្រតិបត្តិការ​ អន្តរាគមន៍​ សង្គ្រោះ​ ដល់​ប្រជាពលរដ្ឋ​ នាគ្រា​រង​ទុក្ខ​លំបាក​ ៕


ចំនួនអ្នកទស្សនា

    20555037

  • ថ្ងៃនេះ11621
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90701
  • ខែនេះ112581
  • ឆ្នាំនេះ112581
  • សរុប20555037