លោក​ ប្រាក់​ សុ​ខុន​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​

24-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ នៅ​ទីស្តីការក្រសួង​ ។​

​ជាបឋម​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត​ថ្មី​ ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​សម្តែង​នូវ​កី្ត​សប្បាយ​រីករាយ​ ដោយ​កត់សម្គាល់​ឃើញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​រីក​ចម្រើន​​ឥត​ឈប់​ឈរ​។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​កត់​សម្គាល់ថា​ កាលពី​ខែឧសភា​កន្លង​ទៅ​ សម្តេច​តេ​ជោ​
នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អនាគត​អាស៊ី​ នៅ​ទីក្រុង​តូ​ក្យូ​ និង​បាន​រួម​អាហារ​
​ថ្ងៃត្រង់​ការងារ​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ABE​ Shinzo​ ដែល​នៅ​ពេល​នោះ​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ជប៉ុន​ បាន​សម្តែង​នូវ​ការ​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​ ទន្ទឹម​នេះ​ដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ក៏​មានការ​ជួប​ពិភាក្សា​គ្នា​យ៉ាង​ល្អ​ និង​មាន​លក្ខណៈ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ឯកឧត្តម​ Taro​ Kono​ អំពី​បញ្ហា​ទ្វេភាគី​ តំបន់​ និង​អន្តរជាតិ​ផង​ដែរ​។​ នៅ​ខែតុលា​ខាង​មុខ​នេះ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ នឹង​យាង​ចូលរួម​ពិធី​ឡើង​គ្រងរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន​ Naruhito​ ។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ក្រសួងការបរទេស​ នឹង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញទំហឹង​ ជូន​ឯកឧត្តម​ឯកអគ្គរាជទូត​ ដើម្បី​សម្រេច​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ដោយ​ជោគជ័យ​​នៅ​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​ ជម្រាប​ថា​ ឯកឧត្តម​ធ្លាប់​អញ្ជើញ​មក​កម្ពុជា​ម្តង​កាលពី​១៧​ឆ្នាំ​មុន​ ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០០២​។​ ឯកឧត្តម​ សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង​ និង​អបអរសាទរ​ដល់​ប្រជាជន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ក្រោយ​ពី​បាន​ហែល​ឆ្លងកាត់​ទុក្ខ​លំបាក​វេទនា​ជា​ច្រើន​ នៅ​ក្នុង​ពេល​អតីតកាល​ សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជា​រួម​ដូច​បច្ចុប្បន្ន​នេះ​។​

​ឆ្លៀតឱកាស​នេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​ ជប៉ុន​ដែល​តែងតែ​គាំទ្រ​កម្ពុជា​ ដោយ​ចាប់ផ្តើម​ពី​ដំណើរការ​ស្វែងរក​សន្តិភាព​ រហូត​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់​ថា​ មិត្តភក្តិ​ជប៉ុន​ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដូច​គ្នា​ គឺ​ពិតជា​បាន​យល់​ច្បាស់​ពី​ការ​លំបាក​របស់​កម្ពុជា​។​ បច្ចុប្បន្ន​ ប្រជាជន​កម្ពុជា​ទាំងមូល​កំពុង​ទទួល​បាន​សន្តិភាព​ពេញលេញ​ និង​ស្ថិរភាព​នយោបាយ​ ដែល​ទិដ្ឋភាព​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​ ដោយ​មាន​ប្រជាពលរដ្ឋ​ ៨៣,០២%​ ចេញ​ទៅ​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​៧៧%​ បាន​គាំទ្រ​ដល់​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ​ មាន​ទំហំ​រហូត​ដល់​ជាង​ពីរ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ពិសេស​ ក្រោយ​ពី​មានការ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​​ប្រជាជន​នឹង​ប្រជាជន​ប៉ុ​ណ្ណាះ​ទេ​ តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​ បាន​សម្តែង​នូវ​ការ​រីករាយ​ ដោយ​ឃើញ​មានកា​រវិ​វត្ត​ក្នុង​វិស័យ​ជា​ច្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ ហើយ​គ្រប់ពេល​ទាំងអស់​ សម្តេច​តែង​មាន​ប្រសាសន៍​ពន្យល់​ពី​ស្ថានភាព​ និង​លក្ខខណ្ឌ​អនុគ្រោះ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដល់​ធុរជន​ជប៉ុន​។​ ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​ ទន្ទឹម​នេះ​ ជប៉ុន​ក៏​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo-pacific​ របស់​ជប៉ុន​ និង​ការ​គាំទ្រ​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ ផ្សេងៗ​ទៀត​ផង​ដែរ​។​ ក្រៅពី​នេះ​ ឯកឧត្តម​ឯកអគ្គរាជទូត​ ក៏​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​របស់​ប្រជាជន​កម្ពុជា​ អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​។​

​ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ កម្ពុជា​តែង​រក្សា​ជំហរ​ដោយ​សង្គតិភាព​ក្នុង​ការ​គាំទ្រ​ជប៉ុន​ នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ និង​អន្តរជាតិ​នានា​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរាជទូត​ថា​ អាស៊ាន​ក៏​មាន​ចក្ខុវិស័យ​ស្តី​ពី​ Indo-Pacific​ នេះ​ផង​ដែរ​ ដែល​ទាំង​កម្ពុជា​ និង​អាស៊ាន​ ចង់​ឃើញ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មិន​ប្រឆាំង​គ្នា​។​

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​បន្ថែម​ដល់​ ឯកឧត្តម​ឯកអគ្គរាជទូត​ ថា​ រាជរដ្ឋាភិបាល​ កម្ពុជា​បន្ត​កិច្ច​សន្ទនា​ជាមួយ​សហភាព​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​ករណី​ EBA​។​ ទន្ទឹម​នឹង​កម្ពុជា​ផ្តល់​សារៈសំខាន់​ដល់​ភាព​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​ កម្ពុជា​ក៏​បាន​គូសបន្ទាត់​ក្រហម​ដែល​មិន​អាច​ឆ្លង​បាន​ ដែល​នោះ​គឺ​​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ ៕

 

ចំនួនអ្នកទស្សនា

    20554867

  • ថ្ងៃនេះ11451
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90531
  • ខែនេះ112411
  • ឆ្នាំនេះ112411
  • សរុប20554867