នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​

25-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយនឹង​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ដឹកនាំ​ដោយ​ លោក​ Duan​ Daqi​ អនុប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​ ស្នងការ​រង​នគរបាល​ខេត្ត​ជាំ​ង​ស៊ូ​ នៃ​ប្រទេស​ចិន​ លោក​ ZHAO​ JIANSHENG​ ក៏​មាន​វត្តមាន​ក្នុង​កិច្ច​ពិភាក្សា​នា​បរិវេណ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ផង​ដែរ​។​

​កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ការ​រៀបចំ​ពង្រឹង​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជាតិ​កម្ពុជា​ជាមួយនឹង​ខេត្ត​ជាំ​ង​ស៊ូ​ ដើម្បី​ការ​រៀបចំ​កសាង​សុវត្ថិភាព​ ខេត្ត​ព្រះ​សីហ​នុ​,​ កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​,​ ការ​បង្កើត​ការិយាល័យ​សម្របសម្រួល​ចេញ​ ចូល​តែ​មួយ​ និង​ការ​ជួយ​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​នគរបាល​កម្ពុជា​ និង​ការ​បំពាក់​សម្ភារៈ​ទំនើប​ដើម្បី​កត្តា​ពង្រឹង​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​សក្តានុពល​ នៃ​ខេត្ត​ទេសចរណ៍​ព្រះ​សីហ​នុ​ ដែល​នឹង​ក្លាយជា​ខេត្ត​ទំនើប​មួយ​ ស្ថិត​ក្នុង​គម្រោង​រៀបចំ​ធ្វើ​ផ្លូវ​ និង​ការ​ដាក់​ប្រព័ន្ធ​លូ​ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​នូវ​គម្រោង​ថវិកា​សម្រាប់​ការ​កសាង​រួច​មក​ហើយ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​បញ្ជាក់​ថា​ នា​អនាគត​គម្រោង​សាងសង់​ផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ នឹង​ធ្វើ​ឲ្យ​ខេត្ត​ដែល​ជាប់​នឹង​មាត់​សមុទ្ទ​នេះ​ ក្លាយជា​ខេត្ត​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ជាងគេ​ ក្នុង​ប្រទេស​កម្ពុជា​។​

​គណៈប្រតិភូ​ចិន​បាន​សម្តែង​ក្តី​រីករាយ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ ក្នុង​គម្រោង​រៀបចំ​ពង្រឹង​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ខេត្ត​ព្រះ​សីហ​នុ​ និង​ការ​សន្យា​ជួយ​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​នគរបាល​កម្ពុជា​ ក៏​ដូច​ជា​ការ​ជួយ​បំពាក់​សម្ភារៈ​បច្ចេកវិទ្យា​កាមេរ៉ា​ និង​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ ប្រជាពលរដ្ឋ​តាម​រយៈ​បច្ចេកវិទ្យា​ នៃ​សម័យ​ឌី​ជី​ថ​ល​នា​បច្ចុប្បន្ន​៕​

 

ចំនួនអ្នកទស្សនា

    20554777

  • ថ្ងៃនេះ11361
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90441
  • ខែនេះ112321
  • ឆ្នាំនេះ112321
  • សរុប20554777