ជនសង្ស័យ​ម្នាក់​ ភ្ជង់​ប្លន់​យក​កាបូប​លុយ​ ទូរស័ព្ទ​ និង​ម៉ូតូ​ពី​យុវតី​រូប​ស្រស់​ជា​សិស្ស​ពូកែ​ម្នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន​

25-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ ភ្ជង់​ប្លន់​យក​កាបូប​លុយ​ ទូរស័ព្ទ​ និង​ម៉ូតូ​ពី​យុវតី​រូប​ស្រស់​ជា​សិស្ស​ពូកែ​ម្នាក់​ ដែល​មក​ដក​ សញ្ញាប័ត្រ​ តែ​រត់​មិន​រួច​ តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ ដែល​កំពុង​ល្បាត​ ចេញ​ទៅ​ជួយ​អន្តរាគមន៍​ ចាប់​វាយ​ខ្នោះ​យក​មក​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ ភ្លាមៗ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ នៅ​ចំណុច​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ ក្នុង​បរិវេណ​វិទ្យាល័យ​ ហ៊ុន​សែន​ ចាក់​អង្រែ​ ស្ថិត​នៅ​ភូមិ​ទួល​រកា​១​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ ឡៅ​ ម៉េ​ង​លាង​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​អូរ​អណ្ដូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ និង​មាន​ទីលំនៅ​សង្កាត់​បឹង​កក់​ ខណ្ឌទួលគោក​។​ ចំណែក​យុវតី​រង​គ្រោះ​មានឈ្មោះ​ គង់​ រក្សា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ជាប់​បាក់​ឌុ​ប​ឆ្នាំ​ទី​២​ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​សម្ដី​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រូបគេ​បាន​ឡើង​ជិះ​ម៉ូតូឌុប​ពី​ក្រុង​តា​ខ្មៅ​ មក​ដល់​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ ចាក់​អង្រែ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ ខណៈ​ពេល​អង្គុយ​លើ​ម៉ូតូ​មិនដឹង​ខ្លួន​ ក៏​បាន​ចុះ​មក​ធ្វើ​សកម្មភាព​ ភ្ជង់​ប្លន់​យក​ម៉ូតូ​ ទូរស័ព្ទ​ និង​លុយ​មួយ​ចំនួន​ ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ហៅ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ចេញ​ជួយ​អន្តរាគមន៍​ដើម្បី​ជួយ​ប្អូនស្រី​ហើយ​ក៏​ថត​ខ្លួន​បាន​យក​មក​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ដើម្បី​ធ្វើការ​សាកសួរ​ភ្លាមៗ​ផង​ដែរ​។​

​បើ​តាម​ការ​រៀបរាប់​ពី​យុវតី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រូប​នាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅ​មក​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម​ បំណង​យក​សៀវភៅ​ សិក្ខាគារិក​ ដើម្បី​ទៅ​ដាក់​នៅ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដើម្បី​យក​អាហារូបករណ៍​ពេល​ ព្រោះ​រូប​នាង​ប្រលង​ជាប់​និទ្ទេស​ល្អ​ (​និទ្ទេស​ B)​ ។​ លុះ​ពេល​មក​ដល់​វិទ្យាល័យ​រូប​នាង​បាន​បើក​ទូរស័ព្ទ​មើលឃើញ​មិត្ត​ភ​ក្កិ​ បាន​ឆាត​មក​ប្រាប់​ថា​ "​ថ្ងៃ​និង​គ្រូ​មិន​បាន​មក​បង្រៀន​ទេ​ "​ ទើប​នាង​ត្រលប់​មក​យក​ម៉ូតូ​វិញ​ ខណៈ​ពេល​រូប​នាង​បាន​ឡើង​ជិះ​ម៉ូតូ​បំណង​ចេញ​ត្រឡប់​ទៅ​វិញ​ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ បាន​យក​កាំបិត​ចុង​ស្រួច​មក​ភ្ជង់​ចង្កេះ​នាង​ ហើយ​ប្រាប់​អោយ​នាង​ប្រគល់​ទូរ​សព្ទ​ និង​កាបូប​លុយ​ឱ្យ​គេ​ នឹង​ប្រគល់​ម៉ូតូ​អោយ​គេ​តែ​ពេល​នោះ​ជា​ពលរដ្ឋ​បានឃើញ​ស្រែក​ឆោឡោ​ស្រាប់តែ​ជនសង្ស័យ​ ក៏​ទម្លាក់​កាំបិត​ និង​ទូរ​សព្ទ​ចោល​ បម្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ឈរ​ការពារ​តាម​ផ្លូវ​ដេញចាប់​ឃាត់ខ្លួន​ភ្លាម​បាន​តែ​ម្ដង​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ដោយសារ​តែ​រូបគេ​ទាល់​លុយ​ ទើប​ធ្វើ​ឲ្យ​គេ​ធ្វើ​សកម្មភាព​ ប្លន់​យក​ទូរស័ព្ទ​ដៃ​ម៉ូតូ​របស់​ដោយ​យុវតី​រង​គ្រោះ​ តែ​មិន​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​ទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20555017

  • ថ្ងៃនេះ11601
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90681
  • ខែនេះ112561
  • ឆ្នាំនេះ112561
  • សរុប20555017