លទ្ធផល​នៃ​កិច្ចប្រជុំ​ពិ​គ្រាះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​ លើក​ទី​១​ រវាង​កម្ពុជា​ និង​អូស្ត្រាលី​

26-September-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​១​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦-១៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​កង់​បេ​រ៉ា​ ប្រទេស​អូស្ត្រាលី​។​ លោក​ជំទាវ​ អ៊ា​ត​ សោភា​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម​ រី​ឆាត​ ម៉ូ​ដ​ (Richard​ Maude)​ អនុរដ្ឋលេខាធិការ​ (Deputy​ Secretary)​ ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ បាន​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​

កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​រួម​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​ និង​អូស្ត្រាលី​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​។​ ភាគី​ទាំង​ពីរ​បាន​លើក​អំពី​កា​រវិ​វត្ត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ និង​បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​ និង​កំពុង​បន្ត​អនុវត្ត​ក្នុង​វិស័យ​នានា​ជា​ច្រើន​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ និង​ពង្រឹង​ចំណងមិត្តភាព​រវាង​កម្ពុជា​ និង​អូស្ត្រាលី​។​

ភាគី​អូស្ដ្រាលី​បាន​បញ្ជាក់​អំពី​ការ​បន្ត​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ តាម​រយៈ​ផែនការ​វិនិយោគ​លើ​ជំនួយ​សម្រាប់​ឆ្នាំ​២០២០-២០២៤​ ដែល​មាន​គោលដៅ​ជំរុញ​ (១)​ សេវា​សាធារណៈ​ប្រកបដោយ​និរន្ដរភាព​ និង​បរិ​យា​ប័ន្ន​ (២)​ កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ភាពរឹងមាំ​ និង​បរិ​យា​ប័ន្ន​ និង​ (៣)​ ដំណើរការ​រៀបចំ​គោលនយោបាយ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​។​ ភាគី​កម្ពុជា​បាន​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អូស្ដ្រាលី​ដែល​បាន​គាំទ្រ​ដំណើរការ​សន្ដិភាព​នៅ​កម្ពុជា​ និង​ការ​បន្ដ​ផ្ដល់​ជំនួយ​លើ​វិស័យ​សំខាន់ៗ​ រួម​មាន​ ការ​អប់រំ​ ហេដ្ឋារចនាសម្ព័ន្ធ​ កសិកម្ម​ សុខាភិបាល​ ការ​បោសសម្អាត​មីន​ យេ​ន​ឌ័​រ​ និង​ពិការ​ភាព​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ការ​គ្រប់គ្រង​ធនធានទឹក​ និង​ថាមពល​។​

​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ភាគី​ទាំង​ពីរ​មាន​មតិស្រប​គ្នា​ថា​ នៅ​មាន​សក្ដានុពល​ច្រើន​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​រវាង​កម្ពុជា​ និង​អូស្ដ្រាលី​ និង​បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ រិះរក​វិធី​ និង​មធ្យោបាយ​នានា​ដើម្បី​ជំរុញ​វិស័យ​ទាំងនេះ​ឱ្យ​បាន​រីក​ចម្រើន​បន្ថែម​ទៀត​។​ ភាគី​ទាំង​ពីរ​មាន​យោបល់​ដូច​គ្នា​ថា​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ និង​ប្រជាជន​ នឹង​លើកកម្ពស់​ការ​យោគយល់​គ្នា​ និង​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។​

ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​ ភាគី​ទាំង​ពីរ​បាន​កត់សម្គាល់​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អូស្ត្រាលី​ និង​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដូច​ជា​ការ​ជួញដូរ​មនុស្ស​ ការ​លាងលុយកខ្វក់​ និង​ភេរវកម្ម​ អន្តោប្រវេសន៍​ខុសច្បាប់​ និង​ការ​គ្រប់គ្រង​ព្រំដែន​ ព្រមទាំង​បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងនេះ​បន្ថែម​ទៀត​។​ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​សន្ទនា​ជា​ទៀងទាត់​ រវាង​ស្ថាប័ន​ការពារ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់​។​

​កិច្ចប្រជុំ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​លើ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​សន្ទនា​រវាង​កម្ពុជា​ និង​អូស្ដ្រាលី​ លើ​វិស័យ​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​ប្រជាធិបតេយ្យ​។​

ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី​ កិច្ចប្រជុំ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​រួម​មាន​ កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​អនុ​តំបន់​មេគង្គ​ និង​អាស៊ាន​ ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RCEP)​ ដែល​ភាគី​ទាំង​ពីរ​មាន​ជំហរ​ដូច​គ្នា​ថា​គួរតែ​សម្រេច​ឱ្យ​បាន​ឆាប់​បំផុត​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​ បញ្ហា​កូរ៉េ​ខាងជើង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​-​ចិន​។​

គណៈប្រតិភូ​កម្ពុជា​ក៏​បាន​ចូលរួម​កិច្ច​សន្ទនា​តុមូល​ស្តី​ពី​ “​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​”​ ដែល​រៀបចំ​ដោយ​ លោក​ជំទាវ​ ភេ​នី​ វី​លាម​ (Penny​ Williams)​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។​ ​ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ភាគី​អូស្ត្រាលី​ ដែល​បាន​ផ្តល់​បដិសណ្ឋារកិច្ច​ដ៏​កក់ក្ដៅ​ ក្នុងអំឡុងពេល​គណៈប្រតិភូ​ស្នាក់​នៅ​ទីក្រុង​កង់​បេ​រ៉ា​ និង​បាន​ព្រមព្រៀង​ជាមួយ​ភាគី​អូស្ត្រាលី​ថា​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ក្រោយ​ ក្នុង​ឆ្នាំ​២០២០​ ៕​

 

 

ចំនួនអ្នកទស្សនា

    20554597

  • ថ្ងៃនេះ11181
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90261
  • ខែនេះ112141
  • ឆ្នាំនេះ112141
  • សរុប20554597