ក្រសួងការបរទេស​បង្ហាញ​ លទ្ធផល​ នៃ​ការ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៧៤​ នៃ​មហាសន្និបាត​ អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​

01-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៧៤​ នៃ​មហាសន្និបាត​អ​.​ស​.​ប​ ក្រោម​មូលបទ​៖​ "​ជំរុញ​កិច្ច​ប្រឹងប្រែង​ពហុភាគី​ សម្រាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ ការ​អប់រំ​ប្រកបដោយ​គុណភាព​ សកម្មភាព​អាកាសធាតុ​ និង​បរិ​យា​ប័ន្ន​"​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ២៣​ដល់​ថ្ងៃ​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ នាទី​ក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ ។​

​ថ្លែង​នា​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បាន​លើក​ឡើង​អំពី​តថភាព​នៃ​ពិភពលោក​​ពហុ​ប៉ូ​ល​ និង​ភាព​ផុយ​ស្រួយ​នៃ​ពហុភាគី​និយម​ ដោយសារ​កិច្ច​គាំពារ​និយម​ និង​ឯកតោភាគី​និយម​ និង​ការ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ដោយ​បំពាន​លើ​ធម្មនុញ្ញ​របស់​ អ​.​ស​.​ប​ ។​ ការ​ជ្រៀតជ្រែក​គ្រប់​រូបភាព​នៅ​បន្ត​កើត​មាន​ឡើង​ ហើយ​ព័ត៌មាន​ក្លែងក្លាយ​បាន​ក្លាយទៅជា​អំណះអំណាង​នៃ​ការ​ជ្រៀតជ្រែក​ផង​ និង​ជា​ឧបករណ៍​នៃ​នយោបាយ​អន្តរជាតិ​ផង​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ ការ​គោរព​គោលការណ៍​សមភាព​ និង​អធិបតេយ្យភាព​ ការ​គោរព​សិទ្ធិ​ក្នុង​ការ​ចាត់ចែង​ជោគវាសនា​ដោយ​ខ្លួនឯង​ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ អ​.​ស​.​ប​ មាន​សារៈសំខាន់​ចាំបាច់​ក្នុង​ការ​ធានា​ឱ្យ​ពហុភាគី​និយម​រស់រាន​បន្ត​ និង​អាច​ស្វែងរក​នូវ​មាគ៌ា​សន្តិភាព​ និង​ស្ថិរភាព​ សាមគ្គីភាព​ និង​វឌ្ឍនភាព​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​អង្គ​មហាសន្និបាត​អំពី​បច្ចុប្បន្នភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ដែល​ផ្តោត​ជា​សំខាន់​លើ​គុណភាព​ និង​បរិ​យា​ប័ន្ន​នៃ​ការ​អភិវឌ្ឍ​ឈរ​លើ​ស្មារតី​“​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​”​ ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​ អ​.​ស​.​ប​ និង​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បន្ត​គាំទ្រ​លើ​ពហុភាគី​និយម​ ពាណិជ្ជកម្ម​សេរី​ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​វិធាន​ច្បាប់​ និង​មាន​ អ​.​ស​.​ប​ ជា​ស្នូល​។​

​បន្ទាប់​ពី​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ CICA​ លើក​ទី​៥​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ នៅ​ទីក្រុង​ Dushanbe​ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​អំពី​ផែនការ​ការងារ​របស់​ CICA​ ឆ្នាំ​២០២០​ សម្រាប់​រយៈពេល​ ៤​ ឆ្នាំ​បន្ទាប់​ ផ្តោត​លើ​ការងារ​អាទិភាព​ ៤​ គឺ​៖​ ១)​ កិច្ចប្រជុំ​ CICA​ ២)​ ការ​អនុវត្ត​វិធានការ​កសាង​ទំនុកចិត្ត​ (​លើ​ទិដ្ឋភាព​យោធា​-​នយោបាយ​ ការ​គំរាមកំហែង​និង​បញ្ហា​ប្រឈម​ថ្មី​ សេដ្ឋកិច្ច​ បរិស្ថាន​ និង​មនុស្ស​)​ ៣)​ ទំនាក់ទំនង​ខាងក្រៅ​ និង​៤)​ ព្រឹត្តិការណ៍​របស់​លេខាធិការដ្ឋាន​។​

​មូលបទ​នៃ​កិច្ចប្រជុំ​គឺ​ “​ឈាន​ឆ្ពោះទៅ​កសាង​ពិភពលោក​ដែល​មាន​សុខភាព​កាន់តែ​ល្អ​ប្រសើរ​។​ កិច្ចប្រជុំ​បាន​អនុម័ត​សេចក្ដីថ្លែងការណ៍​នយោបាយ​ស្ដី​ពី​ការ​ធានា​រ៉ាប់រង​សុខភាព​ជាស​កល​។​ កម្ពុជា​បាន​លើក​អំពី​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ តាម​រយៈ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ឆ្នាំ​២០១៦-២០១៥​ រួម​ជាមួយនឹង​ការ​ពង្រីក​វិសាលភាព​នៃ​មូលនិធិ​ជាតិ​សន្តិសុខ​សង្គម​ និង​មូលនិធិ​សមធម៌​សុខភាព​។​

​អង្គប្រជុំ​បាន​ផ្តោត​លើ​មូលបទ​ “​ទ្រទ្រង់​គោលការណ៍​អធិបតេយ្យភាព​និង​ឯករាជ្យ​ភាព​នយោបាយ​ ដែល​ជា​មធ្យោបាយ​ក្នុង​ការ​រក្សា​បាន​នូវ​សន្តិសុខ​និង​សន្តិភាព​អន្តរជាតិ​ និង​ជំរុញ​ទំនាក់​ទំនងជា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋ​”​ និង​បាន​អនុម័ត​សេចក្ដីថ្លែងការណ៍​នយោបាយ​នៃ​ទីក្រុង​ញូ​វ​យ៉​ក​។​ កម្ពុជា​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ និង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​គោលការណ៍​គោរព​សមភាព​អធិបតេយ្យភាព​ ឯករាជ្យ​ភាព​ និង​បូរណភាព​ដែនដី​ ព្រមទាំង​ការ​មិន​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ ដែលគោលការណ៍​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​នីតិរដ្ឋ​នៅ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​។​

​អង្គប្រជុំ​បាន​ស្វាគមន៍​ចំពោះ​ការ​រំលឹក​ និង​លើកកម្ពស់​ទិវា​អន្តរជាតិ​ស្តី​ពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ និង​ជំរុញ​ឲ្យ​រដ្ឋ​ទាំងអស់​ ជា​ពិសេស​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ចុះហត្ថលេខា​ និង​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ហាមឃាត់​គ្រប់​ជ្រុងជ្រោយ​លើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​សន្ធិសញ្ញា​ ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ ព្រមទាំង​អនុវត្ត​ និង​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​ទាំងនេះ​ និង​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ កម្ពុជា​បាន​ស្នើ​ឱ្យ​រដ្ឋ​ទាំងអស់​ចុះហត្ថលេខា​ និង​ផ្តល់​សច្ចាប័ន​ លើ​សន្ធិសញ្ញា​ហាមឃាត់​គ្រប់​ជ្រុងជ្រោយ​លើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ។​ ជាមួយ​អាស៊ាន​ កម្ពុជា​បាន​រួម​គ្នា​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​អាគ្នេយ៍​ និង​បន្ត​ជំរុញ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​ ៥​ នៃ​ក្រុមប្រឹក្សាសន្តិសុខ​ អ​.​ស​.​ប​ ដើម្បី​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​កិច្ចប្រជុំ​បាន​អនុម័ត​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDCs)​ ដែល​សេចក្ដីថ្លែងការណ៍​នេះ​ ដើរតួ​នាទី​ជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ LDCs​ និង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ Istanbul​ ។​ កម្ពុជា​បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ដែល​ខ្លួន​សម្រេច​បាន​លើ​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ លើកកម្ពស់​គុណភាព​អប់រំ​ និង​សេដ្ឋកិច្ច​ លើកកម្ពស់​សេវា​សុខភាព​ និង​សង្គម​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។​

​កិច្ចប្រជុំ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​សកម្មភាព​ឆ្នាំ​២០១៩-២០២០​ និង​កា​រវិ​វ​ឌ្ឍ​ចុង​ក្រោយ​នៃ​ចក្ខុវិស័យ​ ACD​ ឆ្នាំ​២០៣០​ និង​ផែនការ​លម្អិត​ ឆ្នាំ​២០១៧-២០២១​។​ កម្ពុជា​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​ ACD​ ដទៃ​ទៀត​ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ACD​ ឆ្នាំ​២០៣០​ ដែល​ស្របគ្នា​ជាមួយនឹង​របៀបវារៈ​ឆ្នាំ​២០៣០​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ អ​.​ស​.​ប​។​

​កិច្ចប្រជុំ​បាន​អនុម័ត​ឯកសារ​២​ គឺ​ ៖​ ១)​សេចក្ដីថ្លែងការណ៍​រួមរស់​រដ្ឋមន្ត្រី​ការ​បរទេស​ក្រុម​ប្រទេស​ G-77​ និង​ចិន​ ក្នុង​ឱកាស​នៃ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៥៥​ឆ្នាំ​ និង​ ២)​ សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​។​ កម្ពុជា​បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​ខ្លួន​ និង​គូសបញ្ជាក់​ពី​ការ​គំរាមកំហែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​ពី​ភាព​ចាំបាច់​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ សម្រាប់​ឆ្នាំ​២០១៩-២០២៣​។​ កិច្ចប្រជុំ​ក៏​បាន​ពិចារណា​លើ​លទ្ធភាព​ការ​រៀបចំ​ជា​ទៀងទាត់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ និង​កិច្ចប្រជុំ​រវាង​គណៈកម្មាធិការ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អាស៊ាន​ និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​នៅ​ហ្សា​ការ​តា​។​ កម្ពុជា​នឹង​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ភាគី​អាស៊ាន​ នៅ​ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវការ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​(២០២០​ ២០២៥)​ រវាង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥​ និង​របៀបវារៈ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​ និង​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​កិច្ច​សន្ទនា​ និង​ការ​សិក្សា​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​ កិច្ចប្រជុំ​បាន​ឯកភាព​ចំពោះ​សំណើ​ របស់​អា​ល្លឺ​ម៉​ង់​សុំ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​។​ កិច្ចប្រជុំ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​លើ​និម្មាបនកម្ម​តំបន់​ដែល​កំពុង​មានកា​រវិ​វ​ឌ្ឍ​ និង​ទំនាក់ទំនង​ជាមួយ​ដែ​គូសន្ទនា​ ដែល​ផ្អែក​លើ​ម​ជ្ឈ​ភាព​អាស៊ាន​។​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ជាមួយនឹង​ឯកឧត្តម​ តេ​អូ​ដូ​រ៉ូ​ រី​ប៊ែ​រ៉ា​ នូ​ម៉ា​ន់​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ស៊ី​លី​។​ កិច្ចប្រជុំ​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​អនុវត្ត​ផែនការ​ការងារ​អាស៊ាន​ និង​ក្រុម​ប្រទេស​សម្ព័ន្ធ​ប៉ា​ស៊ី​ហ្វិ​ក​ (​ឆ្នាំ​២០១៧-២០១៩)​ នៅ​ក្នុង​វិស័យ​អាទិភាព​ទាំង​ ៤​ រួម​មាន​៖​ (១)​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ (២)​ ការ​អប់រំ​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ (៣)​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​ (៤)​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បាន​ឯកភាព​បន្ត​អនុវត្ត​ផែនការ​ការ​ការងារ​នេះ​រហូត​ដល់​ខែធ្នូ​ ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​បាន​កត់សម្គាល់​នូវ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ភាព​ជា​ដៃគូ​ទូលំទូលាយ​រវាង​អាស៊ាន​ និង​ អ​.​ស​.​ប​ (២០១៦-២០២០)​ និង​សេចក្តី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​ (២០២០-២០២៥)​។​ កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​ អ​.​ស​.​ប​ ពិចារណា​ក្នុង​ការ​គាំទ្រ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​(ARMAC)​ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​នេះ​មាន​លទ្ធភាព​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រាប់​មីន​ និង​សំណល់​គ្រាប់​ផ្ទុះ​យុ​ទ្ឋ​ភ័​ណ្ឌ​ និង​ការ​ជួយ​ជន​រង​គ្រោះ​ ដើម្បី​រួមចំណែក​ដល់​សន្តិភាព​ និង​សន្តិសុខ​ ក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​។​ ក្នុង​ប្រធានបទ​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ និង​ អ​.​ស​.​ប​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ និង​ខ្វះ​គុណភាព​ ដែល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ដល់​សុខភាព​សាធារណៈ​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ជួប​ទ្វេភាគី​ជាមួយនឹង​ឥស្សរជន​ដូច​ខាងក្រោម​៖​
១)​ លោក​ជំទាវ​ ម៉ា​រី​ស​ ភែ​ន​ (Marise​ Payne)​ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​
២)​ លោក​ជំទាវ​ អេ​កា​តេ​រី​ណា​ ហ្សា​ហារី​វ៉ា​ (Ekaterina​ Zaharieva)​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ប៊ុល​ហ្កា​រី​
៣)​ ឯកឧត្តម​ តូ​ម៉ាស​ ផេ​ទ្រី​សេក​ (Tomás​ Petříček)​រដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​ឆេ​ក​
៤)​ ឯកឧត្តម​ មី​រ៉ូ​ស្លា​វ​ ឡាស​ឆាក​ (Miroslav​ Lajčák)​ រដ្ឋមន្ត្រី​ការ​បរទេស​ស្លូ​វ៉ា​គី​
៥)​ ឯកឧត្តម​ ជី​ង​ហ្គី​ស​ អៃ​ដា​បេ​កូវ​ (Chingiz​ Aidarbekov)​ រដ្ឋមន្ត្រី​ការ​បរទេស​គីរ​ហ្គី​ស្ថាន​
៦)​ ឯកឧត្តម​ សឺ​ហ្គេ​ ឡាវ​រ៉ូ​វ​ (Sergey​ V.​ Lavrov)​ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ពិភាក្សា​ដោយ​ផ្តោត​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​យន្តការ​ពហុភាគី​ និង​បាន​ជម្រាប​ជូន​សម​ភាគី​អំពី​វឌ្ឍនភាព​សំខាន់ៗ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ “​ការ​មិន​ដាក់​សព្វាវុធ​លើ​លំហ​អាវ​កាស​”​ ជាមួយ​ឯកឧត្តម​ សឺ​ហ្គេ​ ឡាវ​រ៉ូ​វ​ ផង​ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20554157

  • ថ្ងៃនេះ10741
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89821
  • ខែនេះ111701
  • ឆ្នាំនេះ111701
  • សរុប20554157