​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ ទទួល​សារ​តាំងពី​ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​

01-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៩​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Christian​ Berger​ ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជូន​សារតាំង​ និង​សម្តែង​ការ​គួរសម​ នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុង​ព្រះ​បរម​នាម​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នាម​ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ខ្លួន​សម្ត​ច​ ផ្ទាល់​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ បាន​សម្តែង​ការ​អបអរសាទរ​ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ Christian​ Berger​ ដែល​ឯកឧត្តម​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ តែងតាំង​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ Christian​ Berger​ ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឱ្យ​ឯកឧត្តម​បាន​ចូល​ជូន​សារតាំង​ និង​សម្តែង​ការ​គួរសម​នា​ពេល​នេះ​។​

​ឯកឧត្តម​ Christian​ Berger​ បាន​ជម្រាប​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ថា​ ឯកឧត្តម​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​១៩៩១​ ដែល​ពេល​នោះ​ ប្រទេស​កម្ពុជា​នៅ​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ ហើយ​ប្រៀប​ដូច​ជា​កូន​ដើមឈើ​មួយ​ដើម​ដែល​កំពុង​ប្រឹង​រស់​។​ តែ​ក្រោយ​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ​ និង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​បញ្ជាក់​ថា​ តាម​រយៈ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​នឹង​ខិតខំ​រួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​រដ្ឋាភិបាល​ ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ អា​ល្លឺ​ម៉​ង​-​កម្ពុជា​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ជា​ពិសេស​អា​ល្លឺ​ម៉​ង់​ចង់​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បន្ត​ទៅ​មុខ​ទៀត​។​ ទន្ទឹម​នេះ​ ឯកឧត្តម​ក៏​នឹង​ខិតខំ​ជួយ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​សហ​គន៍​អ៊ឺ​រ៉ុ​ប​ឱ្យ​កាន់តែ​ប្រសើ​ឡើង​ដែរ​។​ ក្នុង​ន័យ​នេះ​ ឯកឧត្តម​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើត​មាន​រវាង​ប្រទេស​កម្ពុជា​ និង​សហគមន៍​អ៊ឺ​រ៉ុ​ប​ឱ្យ​បាន​ល្អ​ផង​ដែរ​។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ហើយ​តាម​រយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ ដោយ​សេចក្តី​គោរព​ និង​សេចក្តី​នឹករលឹក​អំពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហ​នុ​ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​ឯកឧត្តម​ប្រធានាធិបតី​ និង​ថ្នាកដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ មាន​ជំនឿ​ជាក់​ថា​ ក្នុង​ឋានៈ​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា​ ឯកឧត្តម​នឹង​បន្ត​ពូន​ជ្រុំ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ និង​ខិតខំ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ វប្បធម៌​ ទេសចរណ៍​ អប់រំ​ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ឱ្យ​កាន់តែ​ទូលំទូលាយ​ ដើម្បី​នាំ​មក​នូវ​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ និង​ពេញ​ចិត្តជា​ខ្លាំង​ដោយ​បាន​មើលឃើញ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ មានការ​រីក​ចម្រើន​ឈាន​ឡើងជា​បន្តបន្ទាប់​។​ ទំនាក់ទំនង​ល្អ​នេះ​ ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​នៃ​ប្រទេស​ទាំង​ពីរ​ជា​ញឹកញាប់​ និង​ការ​កើនឡើង​ទំហំ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​។​ ជាមួយ​គ្នា​នេះ​ សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ដែល​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ជំនួយ​ជា​ច្រើន​ផ្នែក​ដល់​ប្រទេស​កម្ពុជា​កន្លង​មក​ ។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បាន​បញ្ជាក់​ថា​ ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ និង​មាន​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ បាន​ប្រសិទ្ធពរ​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ សូម​មាន​សុខភាព​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ ក្នុង​បេសកកម្ម​ការទូត​ដ៏​ឧត្តុង្គឧត្តម​នេះ​ ៕

ចំនួនអ្នកទស្សនា

    20554767

  • ថ្ងៃនេះ11351
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90431
  • ខែនេះ112311
  • ឆ្នាំនេះ112311
  • សរុប20554767