ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,មូលនិធិគន្ធបុប្ផាកម្ពុជា ដែលតំណាងដោយ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពី “ការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា”ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ដែលតំណាងដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះសបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា-ចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិ។
ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី, លោកជំទាវ ងួន សុខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារអេស៊ីលីដា និងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានសហការ រៀបចំឱ្យមាននូវកិច្ចសហប្រតិបត្ដិការនេះឡើង។ កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែបង្កភាពងាយស្រួល និងជាជម្រើសថ្មីបន្ថែមទៀតដល់សប្បុរសជននានា ដើម្បីធ្វើការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា អាចធ្វើការបរិច្ចាគនៅតាមទីតាំងបញ្ជរធនាគារអេស៊ីលីដា ភីអិលស៊ី និង/ឬប្រើប្រាស់សេវាធនាគារអេទ្បិចត្រូនិច (E-Banking) នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា និងដោយពុំចាំបាច់ចំណាយពេលវេលាមកកាន់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។
លោកបណ្ឌិត អ៊ិន ចាន់នី បានសម្ដែងការគាំទ្រ និងសហប្រតិបត្តិការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការនេះ សប្បុរសជននឹងមានភាពងាយស្រួលក្នុងការបិរច្ចាគវិភាគទានសប្បុរសធម៌ដល់មូលនិធិ-គន្ធបុប្ផាកម្ពុជា នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ម៉ាស៊ីនអេធីអឹម និងសេវាធនាគារ ឌីជីថល (E-Banking and ACLEDA Unity ToanChet) ក្នុងគោលដៅរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ងួន សុខា ព្រមទាំងសហការី ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ សូមទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្ដេជ្ញាថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគថវិកាជូនដល់មូលនិធិបន្ថែមទៀតផងដែរ។
លោកជំទាវ ងួន សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអេស៊ីលីដាក្រោមការដឹកនាំរបស់ លោកបណ្ឌិត អ៊ិន ចាន់នី ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំឆ្នាំចំនួន ១ ២០០លានរៀល ប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតមធ្យោបាយកៀរគរវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជាថែមទៀត ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជារាប់លាននាក់៕