ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យប៊ែលធី (BELTEI) អន្តរជាតិ និងប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់ចៅប្រុស ហ៊ឺ ទៀង គីមហុង មកពីខេត្តតាកែវ ដែល សម្តេចតេជោ កំពុងជួយទំនុកបម្រុងគ្រប់យ៉ាងអោយមានឱកាសបានមកសិក្សានៅក្នុងទីក្រុងភ្នំពេញដោយទទួលបានអាហារូបករណ៍ពិសេសពីសាលា Beltei ។ កុមារា គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៩ ដែលបានប្រឡងឌីប្លូមជាប់ក្នុងសម័យប្រឡងកាលពីថ្ងៃទី៥-៦ សីហា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ។
ពេលនេះ គីម ហុង អាយុបាន១០ឆ្នាំ ហើយ ហើយកំពុងចូលរៀនថ្នាកទី១០ នៅសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមនាជ័យ។ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាយើងកំពុងរកឃើញធនធានមនុស្សពូកែល្អៗ ដែលយើងត្រូវតែពិនិត្យតាមដានតម្រែតម្រង់ទិសដៅជាប្រចាំដើម្បីភាពជោគជ័យរបស់ពួកគេ ក្នុងនោះរួមទាំងនិស្សិតឈ្មោះ ហុង ភារិន ដែលមានការចងចាំដ៏អស្ចារ្យបំផុតដែលកាលពីពេលថ្មីៗនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសថៃ និងកម្ពុជា។ ហុង ភារិន នឹងបញ្ចប់ការសិក្សានៅក្នុងរយៈពេល១ឆ្នាំទៀតនៅប្រទេសថៃ បន្ទាប់មកភារិនមានបំណងទៅសិក្សានៅប្រទេសក្រៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយក្រសួងអប់រំហើយនឹងបញ្ជូននិស្សិត ហុង ភារិន ទៅសិក្សានៅទីនោះសម្រេចតាមបំណងប្រាថ្នា។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពដែលជាអាទិភាពសំខាន់ទី១ និងជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តអោយឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូចូលរួមលើកទឹកចិត្តនិងជំរុញដល់ការបណ្តុះបណ្តាលកូនចៅអោយទទួលបានចំណេះដឹងនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕