សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​មាន​កត្តា​ចំនួន​៤​ ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ មានឱកាស​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ទាន​ធំៗ​

02-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​មាន​កត្តា​ចំនួន​៤​ ដែល​បាន​ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ទាន​ធំៗ​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ចូល​ឆ្នាំ​ជាដើម​គឺ​៖

​ទី​១)​ កត្តា​សុខ​សន្តិភាព​ គឺ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​។​

​ទី​២)​ កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ ដូច​ជា​ផ្លូវ​ធ្វើ​ដំណើរ​ ស្ពាន​ឆ្លងកាត់​ទន្លេ​ ទាំង​ទីក្រុង​ និង​ជនបទ​។​

​ទី​៣)​ គឺ​ប្រជាពលរដ្ឋ​យើង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ គ្រប់ៗ​គ្នា​ ដែល​យ៉ាង​ហោច​ណាស់​ក៏​មាន​ត្រឹម​ម៉ូតូ​ផង​ដែរ​។​

​ទី​៤)​ គឺ​ប្រាក់​ចំណូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​កំណើន​ ជា​ពិសេស​ប្រាក់ខែ​មន្ត្រីរាជការ​យើង​ក៏​ត្រូវ​បាន​តម្លើង​ជា​បន្តបន្ទាប់​។​

 ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៤​កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ ខណៈ​ពេល​ដែល​សម្តេច​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​ (Beltei​ International​ University)​ អន្តរជាតិ​សរុប​ ១,១៨៣​នាក់​ ក្នុង​នោះ​មាន​នារី​ ៦៣៥​នាក់​ ដែល​ពិធី​នេះ​ត្រូវធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​អំពី​សារសំខាន់​នៃ​គោលនយោបាយ​បើក​ទូលាយ​នៃ​វិស័យ​អប់រំ​ឯកជន​ ដែល​មាន​សារសំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​ពិសេស​ធ្វើ​អោយ​ធនធានមនុស្ស​របស់​យើង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ សម្តេច​តេ​ជោ​ បាន​ជំរុញ​អោយ​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ជា​ពិសេស​ដើរ​អោយទាន់​បច្ចេកវិទ្យា​ និង​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​។​

​ក្នុង​ឱកាស​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ដែល​បាន​ខិតខំ​ប្រលង​សម្រេច​នូវ​ភាព​ជោគជ័យ​ ទោះបីជា​ពេល​ប្រឡង​នោះ​ យើង​បាន​ជួប​នូវ​គ្រោះ​ទឹកជំនន់​ក៏​ដោយ​។​ សម្តេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ចាត់វិធានការ​ដោះស្រាយ​ និង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​កន្លង​ទៅ​ថ្មីៗ​នេះ​។​ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​ ៧​ តុលា​ខាង​មុខ​នេះ​ សម្តេច​ នឹង​អញ្ជើញ​ជួប​ជាមួយ​សិស្ស​និ​ន្ទេ​ស​ (A)​ ចំនួន​៤៤៣​នាក់​ នៅ​វិមាន​សន្ត​ភាព​ ដើម​លើកទឹកចិត្ត​ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពួក​គេ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ធ្លាក់​ចូល​ក្នុង​របប​វាល​ពិឃាត​ សម័យ​ប៉ុ​ល​ពត​ ដែល​ពេល​នោះ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ទី​ជនបទ​ ហើយ​ពេល​នោះ​ទីក្រុង​ភ្នំពេញ​គឺ​គ្មាន​មនុស្ស​នៅ​។​ កម្ពុជា​ត្រូវ​ជួប​របប​វាល​ពិឃាត​រហូត​ដល់​ ថ្ងៃ​៧​មក​រា​ ឆ្នាំ​១៩៧៩​ ទើប​យើង​បាន​រំដោះប្រទេស​ជាតិ​ពី​របប​ដ៏​ឃោ​ឃៅ​នេះ​វិញ​ ហើយ​ចាប់ផ្តើម​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពី​បាតដៃ​ទទេរ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ដោយ​ក្តី​មោ​ទ​ភាព​ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​ ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំនុចសូន្យ​ ដែល​ពេល​នោះ​ការ​ចាប់ផ្តើម​នៃ​វិស័យ​អប់រំ​របស់​យើង​គឺ​ផ្តើម​ពី​អ្នកចេះ​ច្រើន​ បង្រៀន​អ្នកចេះ​តិច​ អ្នកចេះ​តិច​ បង្រៀន​អ្នក​មិន​ចេះ​សោះ​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​មាន​គ្រូបង្រៀន​ និង​អ្នកជំនាញ​ជា​ច្រើន​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​ការពារ​សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ពិធី​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ថ្មីៗ​នេះ​។​ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ផង​ដែរ​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តល់​រថយន្តក្រុង​ចំនួន​១២០​គ្រឿង​ ក្នុង​ការ​ជួយ​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្មករ​កម្មការិនី​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​គិតថ្លៃ​ ដែល​មាន​អ្នក​ធ្វើ​ជាង​២៣,០០០​នាក់​ ដោយ​មិន​មានការ​បង់ថ្លៃ​ តាម​រថយន្តក្រុង​ក្នុង​ពេល​ភ្ជុំបិណ្ឌ​កន្លង​មកនេះ​។​

នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែ​វិ​ច្ចិ​កា​ ឆ្នាំ​២០១៩​ ខាង​មុខ​ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ហើយ​បន្ត​រហូត​មក​ដល់​បុណ្យអុំទូក​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​នោះ​ គឺ​យើង​យក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ ហូប​អំបុក​ទាំងអស់​គ្នា​ទូ​ទាំង​ប្រទេស​ គឺ​ ”​ ហូប​អំបុក​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ “​ ។​

​ទាក់ទង​ទៅ​នឹង​ការ​ការ​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ «​ហ៊ុន​ សែន​ កម្ពុជា​»​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ក្រុមការងារ​ស្រាវជ្រាវ​បង្កើត​សៀវភៅ​នេះ​ឡើង​ ក្នុង​ការ​ចងក្រង​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ និង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ និង​អភិវឌ្ឍ​ប្រទេស​ពី​គំនរ​បាក់បែក​ដោយសារ​សង្គ្រាម​ និង​ការ​បំផ្លាញ​ខ្ទេចខ្ទី​ក្នុង​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ដើម្បី​ទុកជា​ឯកសារ​ដ៏​មាន​តម្លៃ​បំផុត​ជូន​ដល់​សិស្ស​-​និស្សិត​ និង​អ្នក​សិក្សា​គ្រប់​មជ្ឈដ្ឋាន​របស់​យើង​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក​ច្រក​ម្ពុ​ជា​ បាន​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ សូម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។​ បន្ទាប់​មក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ ក្នុង​បរិយាកាស​រីករាយ​ និង​ស្និត​ស្នាល​ ក្រៃ​លែង​៕


ចំនួនអ្នកទស្សនា

    20552627

  • ថ្ងៃនេះ9211
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88291
  • ខែនេះ110171
  • ឆ្នាំនេះ110171
  • សរុប20552627