ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ ស្លាប់​នៅ​ក្នុង​បន្ទប់​ក្នុង​វត្ដ​ សង្ស័យ​ជំងឺ​ប្រចាំ​កាយ​

02-October-2019 | ដោយ ពលមនសិការ

​ឧត្ដរមានជ័យ​៖​ ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​អង្គុយ​ជើង​ផ្កាប់មុខ​ នៅ​ក្នុង​បន្ទប់​មួយ​នៅ​ក្នុង​វត្ដ​ គី​រី​មង្គល​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៩​ ក្នុងភូមិ​/​សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យ​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ជា​ ជូ​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ច្រេស​ ឃុំ​ត្រពាំងរុន​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​។​

​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​ កម្លាំង​ជំនាញ​ក្រុង​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​ កម្លាំង​ជំនាញ​ការិយាល័យ​ខេត្ត​ និង​ ន​ង​គ្រូពេទ្យ​ពេទ្យ​ខេត្ត​ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​ ឃើញ​មាន​ស្នាម​ចេញ​ឈាម​តាម​ច្រមុះ​ និង​នៅ​លើ​ក្បាល​,​ រាង​កាយ​ពុំ​មាន​ស្លាកស្នាម​របួស​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ ដោយ​សង្ស័យ​ជា​ជំងឺ​រលាក​ក្រពះ​។​

​បើ​តាម​ការ​បំភ្លឺ​ពី​ចៅអធិការ​វត្ត​ ព្រះ​នាម​ ពេជ្រ​បួ​យ​ ព្រះ​ជន្ម​៣៣​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​វត្ត​គិរី​មង្គល​អូរ​ស្មាច់​បាន​ឲ្យ​ដឹង​ថាៈ​កាលពី​ចុងឆ្នាំ​២០១៨​ មានឈ្មោះ​ ភា​រុណ​ ភេទ​ប្រុស​ រស់នៅ​ភ្នំពេញ​ បាន​នាំ​ម្តាយ​ឈ្មោះ​ ជា​ ជូ​ (​ជា​មនុស្ស​មាន​ជំងឺ​និង​មាន​ស្មារតី​មិន​ប្រក្រតី​)​ មក​ស្នាក់​នៅ​ក្នុង​វត្ត​ ដើម្បី​ឲ្យ​លោក​ជួយ​ព្យាបាល​ជំងឺ​តាម​បែប​អបិយ​ជំនឿ​ តែ​ដោយ​ស្ថានភាព​ជំងឺ​មិន​ប្រែប្រួល​ លោក​ក៏​បាន​ឲ្យ​ឈ្មោះ​ ភា​រុណ​ ជូន​ម្តាយ​គាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ​សុរិន្ទ​ ប្រទេស​ថៃ​ តែ​ស្ថានភាព​ជំងឺ​គាត់​នៅ​តែ​ដដែល​ ព្រោះ​គាត់​មិន​ព្រម​លេបថ្នាំ​តាម​កំណត់​ពេទ្យ​ក្រោយមក​ នៅ​ខែឧសភា​ ឆ្នាំ​២០១៩​ ឈ្មោះ​ ភា​រុណ​ ក៏​បាន​ត្រឡប់​ទៅ​នៅ​ភ្នំពេញ​វិញ​ ដោយ​ទុក​ម្ដាយ​គាត់​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ និង​បាន​ផ្តាំផ្ញើ​ឲ្យ​លោក​ជួយ​មើលថែរ​ផង​ លុះ​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១១​នឹង​៣០​នាទី​ លោក​បាន​ប្រើ​កូនសិស្ស​ឲ្យ​យក​បាយ​ទឹក​ទៅ​ជូន​ ឈ្មោះ​ ជា​ ជូ​ ដូច​សព្វមួយដង​ បាន​បន្តិច​ស្រាប់តែ​ឃើញ​កូនសិស្ស​គាត់​រត់​ត្រឡប់​មក​វិញ​ហើយ​ប្រាប់​ថា​យាយ​ជា​ជូ​ មិន​ស្រួល​ហើយ​ ឃើញ​គាត់​អង្គុយ​ ផ្កាប់មុខ​ផ្អែក​ជញ្ជាំង​ ហៅ​ក៏​មិន​ឆ្លើយ​ដៃជើង​រឹង​អស់ហើយ​ឮ​ដូច្នោះ​លោក​ក៏​រត់​ទៅ​មើល​និង​បានដឹង​ថា​ឈ្មោះ​ ជា​ ជូ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​បន្ទាប់​មក​លោក​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​។​

​ក្រោយ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ ក៏​បាន​ប្រគល់​អោយ​ក្រុម​គ្រួរ​សារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕


ចំនួនអ្នកទស្សនា

    20552557

  • ថ្ងៃនេះ9141
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88221
  • ខែនេះ110101
  • ឆ្នាំនេះ110101
  • សរុប20552557