បាត់ដំបង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើឈ្មោះ សួន ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ភេទប្រុស អាយុ៤៦ឆ្នាំ ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ សួន ចំរើន, ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ព្រមទាំងគូកន ដែលបានកៀងគរនិងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ីដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្សី និងគូកន ។
ឈ្មោះ សួន ចំរើន, ឈ្មោះផុង សុជាតិ ហៅ ជាតិ ខេមរា ព្រមទាំងគូកន បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ "រួមគំនិតក្បត់” ដែលអាច
មានទោសជាប់ពន្ធនាគារពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌលើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕