សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ហុង​គ្រី​

16-October-2019 | ដោយ ពលមនសិការ

នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ជេ​ណូ​ស​ អា​ឌឺ​ (Janos​ ADER)​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ហុង​គ្រី​ ដែល​ធ្វេ​ី​ឡេ​ី​ង​នៅ​វិមាន​ប្រធានាធិបតី​ Sándor​ Palace​។​

​ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ បាន​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​ពិតជា​អរគុណ​ចំពោះ​ការ​អញ្ជើញ​ឯកឧត្តម​ ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​អញ្ជើញ​ ឯកឧត្តម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ហើយ​ឯកឧត្តម​ពិតជា​រីករាយ​ក្នុង​ការ​ទទួល​នៅ​ការ​អញ្ជើញ​នោះ​។​ ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ចុងខែ​តុលា​ខាង​មុខ​នេះ​។​ ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​សង្កថា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កាលពី​ព្រឹក​មិ​ញ​នៃ​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​ទឹក​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហុង​គ្រី​នេះ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អរគុណ​ចំពោះ​ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ និង​អរគុណ​ដល់​រដ្ឋាភិបាល​ហុង​គ្រី​ដែល​បាន​អញ្ជើញ​ សម្ដេច​មក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដី​អំពី​បញ្ហា​ទឹក​នៅ​ប្រទេស​ហុង​គ្រី​នា​ពេល​នេះ​។​ ក្នុង​ជំនួប​នោះ​ផង​ដែរ​ សម្តេច​តេ​ជោ​ក៏​បាន​ពិភាក្សា​ជាមួយ​ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ ទាក់ទង​ទៅ​នឹង​បញ្ហា​នៃ​ការ​គ្រប់គ្រង​ទឹក​ផង​ដែរ​ ដែល​ជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​មិ​ញ​នេះ​។​ សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា​ ដោយសារ​តែ​បញ្ហា​ទឹក​នេះ​គឺជា​បញ្ហា​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ហើយ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ កម្ពុជា​ក៏​បាន​បាត់បង់​នូវ​អគ្គិសនី​ប្រើប្រាស់​ដោយសារ​តែ​បញ្ហា​នៃ​ការ​ខ្វះ​ទឹក​នេះ​ផង​ដែរ​ ជា​ពិសេស​វា​រី​អគ្គិសនី​ដែល​យើង​មិន​មានទឹក​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​នូវ​ថាមពល​អគ្គិសនី​។​

​សម្ដេច​តេ​ជោ​ ក៏​បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ហុង​គ្រី​ផង​ដែរ​ ជា​ពិសេស​នៅ​ក្នុង​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ទៅ​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​ ។​ ហើយ​សម្ដេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ នៅ​ពេល​នោះ​ ឯកឧត្តម​នឹង​បានឃើញ​ជាក់ស្ដែង​នូវ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ ដូច​ជា​បាន​ទៅ​ទស្សនា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​គឺ​ប្រាសាទអង្គរវត្ត​។​

​នៅ​ក្នុង​ជំនួប​នេះ​ សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​អំពី​ចំណុច​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ EBA​ ផង​ដែរ​ ដោយ​សម្ដេច​បាន​ស្នើ​ឱ្យ​ឯកឧត្តម​ប្រធានាធិបតី​ បន្ត​គាំទ្រ​ដល់​កម្ពុជា​ ជាមួយនឹង​សហភាព​អឺរ៉ុប​ ហើយ​អ្វី​ដែល​ដែល​កម្ពុជា​ចង់បាន​នោះ​ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ​ និង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។​ ក្នុង​ចំណុច​នេះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​គូ​បញ្ជាក់​ពី​ចំណុច​សំខាន់​នៃ​ការ​កសាង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ផង​ដែរ​។​ សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ ដែល​បច្ចុប្បន្ន​នេះ​គឺ​មាន​ចំនួន​៣៨​នាក់​ដែល​ពួក​គេ​បាន​ និង​កំពុង​បន្ត​ និង​ខ្លះ​បញ្ចប់​ការ​សិក្សា​។​

​ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ បាន​មាន​ប្រសាសន៍​ថា​ ហុង​គ្រី​ គឺជា​មិត្ត​មួយ​របស់​ប្រទេស​កម្ពុជា​។​ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​ហុង​គ្រី​នៅ​តែ​បន្ត​គាំទ្រ​ដល់​កម្ពុជា​ ជា​ពិសេស​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ។​ ហើយ​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ EBA​ នេះ​ហុង​គ្រី​ នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​។​ ហើយ​ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​នោះ​ ឯកឧត្ដម​ប្រធានាធិបតី​ ហុង​គ្រី​ នឹង​បន្ត​ស្វាគមន៍​ដល់​និស្សិត​កម្ពុជា​ជា​បន្ត​ទៀត​ដើម្បី​មក​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ជា​បន្តបន្ទាប់​ទៀត​បន្ទាប់​ទៀត​។​

​ទាក់ទង​ទៅ​នឹង​កិច្ចប្រជុំ​ស្ដី​អំពី​បញ្ហា​ទឹក​ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ ពិតជា​អរគុណ​ជា​អនេក​ចំពោះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ ដូច​ជា​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា​ ហើយ​ឯកឧត្តម​សង្ឃឹមថា​ នៅ​ពេល​ដែល​ ឯកឧត្តម​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ឯកឧត្តម​ នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ​ ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​៕​

ចំនួនអ្នកទស្សនា

    20553047

  • ថ្ងៃនេះ9631
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88711
  • ខែនេះ110591
  • ឆ្នាំនេះ110591
  • សរុប20553047