សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ជាមួយ​អគ្គនាយក​អង្គការ​ UNIDO

16-October-2019 | ដោយ ពលមនសិការ

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ហុង​គ្រី​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Li​ Yong​ (​លី​ យ៉ុ​ង​)​ អគ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ​ (UNIDO)​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ជូន​អគ្គនាយក​អង្គការ​ UNIDO​ អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ ប្រែ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។​ លោក​ លី​ យ៉ុ​ង​ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ លោក​ពិតជា​មាន​កិត្តិយស​ ដែល​បាន​ជួប​សម្តេច​តេ​ជោ​នៅ​ពេល​នេះ​ ដែល​ជា​ឱកាស​អោយ​លោក​អាច​សម្តែង​ការ​គោរព​ និង​សម្តែង​ការ​គួរសម​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​

​លោក​បាន​គូសបញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៧​ UNIDO​ និង​កម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ និង​បាន​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​នូវ​ដំណើរការ​នេះ​ ដែល​បាន​វិវត្តន៍​ទៅ​មុខ​រលូន​ ជា​ពិសេស​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ វិស័យ​ស្បៀង​ ឧស្សាហកម្ម​ និង​បរិស្ថាន​ ដែល​មាន​សញ្ញា​ល្អជា​ពិសេស​ សម្រាប់​រដ្ឋាភិបាល​ចិន​ ជប៉ុន​ និង​ស្វី​ស​ ដែល​មានការ​គាំទ្រ​ទៅ​លើ​គម្រោង​ទាំង​អស់នោះ​។​

​លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ លោក​ចង់​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា​ លោក​បាន​ជួប​ជាមួយ​អភិបាល​នៃ​ទីក្រុង​សិន​ជិន​ ប្រទេស​ចិន​ ហើយ​ទីក្រុង​សិន​ជិន​ ចង់​សហការ​ជា​ពិសេស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​គម្រោង​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ លោក​បាន​កោតសរសើរ​ ចំពោះ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​គាំទ្រ​ដល់​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​គម្រោង​ផ្សេងៗ​ ដែល​បាន​សហការ​ជាមួយ​គ្នា​។​
​លោក​បាន​សុំ​ការ​ណែនាំ​ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ថា​ តើ​អង្គការ​ UNIDO​ អាច​បន្ត​ជួយ​អ្វីខ្លះ​ទៀត​ ដល់​ប្រទេស​កម្ពុជា​។​

​ក្នុង​ជំនួប​នោះ​ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​អគ្គនាយក​អង្គការ​ UNIDO​ ដែល​បច្ចុប្បន្ន​អង្គការ​នេះ​ មាន​ដៃគូ​ជា​ច្រើន​ រួម​ទាំង​ដៃគូ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ថ្វី​ត្បិត​អង្គការ​នេះ​មាន​ដៃគូ​ច្រើន​ តែ​អ្វី​ដែល​សំខាន់​ សម្តេច​ស្នើ​ឲ្យ​អង្គការ​នេះ​ ជួយ​ទៅ​លើ​គោលនយោបាយ​ពីរ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​យកចិត្តទុកដាក់​រួម​មាន​៖

​ទី​១)​ ធ្វើ​យ៉ាងណា​ជួយ​អភិវឌ្ឍន៍​គោលនយោបាយ​ផលិតកម្ម​អង្ករ​ ដើម្បី​នាំ​ចេញ​

​ទី​២)​ អនុវត្តន៍​គោលនយោបាយ​ឧស្សាហកម្ម​ ឆ្នាំ​២០១៥-២០២៥​ ហើយ​អង្គការ​ UNIDO​ ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​នេះ​។​

​សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​ខេត្ត​សំខាន់​ និង​ជា​ខេត្ត​ដែល​កំពុង​តែ​ត្រូវការ​ការ​គាំទ្រ​ ដោយសារ​តែ​ខេត្ត​នេះ​កំពុង​ឆ្លង​ការ​ការ​អភិវឌ្ឍន៍​ ជា​ពិសេស​ទៅ​លើ​វិស័យ​សេវា​ផ្សេងៗ​ទៀត​ ដោយសារ​កន្លង​មកនេះ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ និង​មានការ​អភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​ផង​ ធ្វើ​ឲ្យ​តម្រូវការ​ចាំបាច់​ គឺ​ការ​គ្រប់គ្រង​នៃ​ទឹក​កខ្វក់​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ថា​ នៅ​ពេល​ខាង​មុខ​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​យកចិត្តទុកដាក់​ លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដោយ​នឹង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​ក្លាយជា​ខេត្ត​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ ហើយ​អ្វី​ដែល​យើង​កំពុង​តែ​យកចិត្តទុកដាក់​ គឺ​ការ​កសាង​ផ្លូវ​ឡើង​វិញ​ ដែល​នឹង​ត្រូវ​ចាយ​ថវិកា​ប្រមាណ​១៥០​លាន​ដុល្លារ​ ដើម្បី​ធ្វើ​ផ្លូវ​ និង​ប្រព័ន្ធ​លូ​ផង​ដែរ​។​ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​ UNIDO​ បន្ត​ជួយ​ដល់​គម្រោង​អាទិភាព​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ សម្តេច​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ចំនួន​នៃ​ការ​សាងសង់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ មានការ​ច្រើន​ឡើងៗ​ ដូច្នេះ​តម្រូវការ​របស់​កម្ពុជា​ ត្រូវ​តែ​ផ្តល់​អាទិភាព​ជា​ពិសេស​ មិន​ត្រឹមតែ​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ទេ​ គឺ​វិស័យ​អគ្គិសនី​ផង​ដែរ​ ដែល​កំពុង​មាន​តម្រូវការ​កាន់តែ​ច្រើន​នេះ​។​

​លោក​អគ្គនាយក​នៃ​អង្គការ​ UNIDO​ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ផង​ដែរ​ថា​ លោក​ពិតជា​រីករាយ​ណាស់​ ដែល​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍន៍​ និង​មាន​ផែនការ​នៃ​គម្រោង​ទាំងឡាយ​ ដែល​នេះ​ជា​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​ កំពុង​តែ​មាន​កំណើន​ជា​ច្រើន​ ហើយ​តម្រូវការ​ក៏​កើនឡើង​ លើ​វិស័យ​អគ្គិសនី​ ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ជា​ពិសេស​ការ​ជំរុញ​នយោបាយ​ឧស្សាហកម្ម​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​។​ លោក​ក៏​បាន​បញ្ជាក់​ថា​ លោក​គ្រោង​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ និង​ចង់​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ហើយ​លោក​សន្យា​នឹង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ពី​ប្រទេស​ចិន​ ពិសេស​ពី​ខេត្ត​សិន​ជិន​តែ​ម្តង​ ដើម្បី​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​អភិវឌ្ឍន៍​កម្ពុជា​៕​

ចំនួនអ្នកទស្សនា

    20552357

  • ថ្ងៃនេះ8941
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88021
  • ខែនេះ109901
  • ឆ្នាំនេះ109901
  • សរុប20552357