កំពង់ធំ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង០៥នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បង្ក្រាបមុខសញ្ញា ដែលបានធ្វើសកម្មភាពជួញដូរសារធាតុញៀនខុសច្បាប់០១ករណី នៅចំណុចភូមិលែង ឃុំ ទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យ០២ នាក់។
មន្ត្រីនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ធឿន ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ រឹម ដក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន២១កញ្ចប់ មានទម្ងន់៦៨ក្រាម និងទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត។
មន្ត្រីនគរបាលជំនាញបាននាំជនសង្ស័យនិងវត្ថុតាងមកកសាងនីតិវិធី នៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង០៨និង ៥៥នាទី មន្ត្រីនគរបាលជំនាញ បានបញ្ចប់នីតិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕