កំពង់ស្ពឺ៖ មនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២៣នឹង៥៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៨-៣៩ ចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2T-0199 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងទីលំនៅ មានដឹកអ្នកដំណើរចំនួន៦នាក់៖១-ឈ្មោះ សុខ ខា ភេទស្រី អាយុ១៩ឆ្នាំ (របួសធ្ងន់), ទី២-ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល), អ្នកទាំងពីររស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកច្រាំក្រហម ខេត្តកំពង់ធំ, ទី៣-ឈ្មោះ វឿន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ (របួសស្រាល), ៤-ឈ្មោះ ម៉ៃ មាច ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង, ៥-ឈ្មោះ ស៊ិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ៦-មិនស្គាល់ឈ្មោះ (របួសធ្ងន់)បើកបរមកពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-9186 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-5956 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ដែលកំពុងឈប់នៅខាងស្តាំ (កង់ម្ខាងនៅលើផ្លូវកៅស៊ូ និងម្ខាងទៀតនៅលើគ្រួសក្រហម)។
លោកស្នងការរងបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលអោយមនុស្សរបួសធ្ងន់៣នាក់ (ស្រីម្នាក់) របួសស្រាល៤នាក់ (ប្រុស) ខូចរថយន្ត២គ្រឿង ក្នុងនោះខូចធ្ងន់ ១គ្រឿង។ អ្នករបួសបានបញ្ជូនទៅពេទ្យសម្ភពអ៊ុំសារ៉ន។
ក្រោយពេលកើតហេតុរួច បានយកអ្នករបួសចេញពីរថយន្តអស់ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ (តូច) បានឆ្លងចរន្ត បណ្តាលអោយឆេះរថយន្តតែម្តង បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើទឹកចំនួន២រថយន្ត ៕