ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយសភាពការណ៍ថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោកអធិការលោក លោកស្រីអធិការរង លោក លោកស្រីនាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមប្រមាណ ២៧២នាក់ ស្រី៣០នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិសំណេះសំណាល ព្រឹកនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអញ្ជើញអស់លោក លោកស្រី តាមបណ្តាការិយាល័យជំនាញអធិការដ្ឋានគរបាលក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីមួយចំនួននិងពង្រឹងកិច្ចការងារជំនាញរបស់កងកម្លាំងនគរបាលជាតិ សំដៅថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ស្នងការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ ដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ និងអរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ធំ ចំពោះការយកចិត្តទុកដាក់ ខិតខំ ប្រឹងប្រែង អស់ពីកម្លាំងកាយ បញ្ញាស្មារតី ដើម្បីចូលរួមអនុវត្ត តួនាទី ភារកិច្ច និងបំពេញបេសកកម្មតាមបណ្ដាគោលដៅចំនុចខ្ពស់ ជាបន្តបន្ទាប់រហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ថ្លែងក្រើនរំលឹកដែលជាការដាស់តឿន របស់ថ្នាក់ដឹកនាំចំពោះ ដល់អស់លោក លោកស្រី មន្ត្រីនគរបាល ដែលបំរើការងារតាមបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក- ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្តធ្វើការពិនិត្យ និងអនុវត្តអំពី តួនាទីភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត,សេចក្ដីណែនាំ ស្ដីពី តួនាទី ភារកិច្ចរបស់អធិការដ្ឋាននគរបាល,សេចក្ដីណែនាំ ស្ដីពីតួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខៈ០១៩សណន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ៕