នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ឃាត់ខ្លួន​ពិរុទ្ធជន​ម្នាក់​ទៅ​តុលាការ​ករណី​សមគំនិត​រំលោភ​លើ​ទំនុកចិត្ត​

21-October-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ពិរុទ្ធជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ ឃាត់ខ្លួន​ ទៅ​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ នៃ​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​សមគំនិត​រំលោភ​លើ​ទំនុកចិត្ត​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​ កាលពី​អំឡុង​ឆ្នាំ​២០១៤​កន្លង​ទៅ​។​

លោក​វរសេនីយ៍ឯក​ ហង្ស​ សូ​ផាត​ភី​រម្យ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​នេះ​ថា​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ហើយ​បាន​សួរនាំ​រួច​ក៏​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តែ​ម្តង​។​

​លោក​បន្ត​ថា​ ដំណើររឿង​នេះ​គឺ​ ដោយសារ​ស្ត្រី​រូប​នេះ​មាន​ក្រុមការងារ​រកស៊ី​រឿង​លុយកាក់​ ហើយ​ពេល​ស្ត្រី​រូប​នេះ​ប្រមូល​បាន​ក៏​គេចខ្លួន​បាត់​។​

លោក​បន្ត​ថា​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ អនុវត្តន៍​ទៅ​តាម​ ដីកា​ របស់​លោក​ លឹ​ម​ សុ​គ​ន្ធា​រ៉ា​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តសៀមរាប​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​។​ នៅ​ក្នុង​ដីកា​ បាន​បង្ហាញ​ថា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ​ ឡោ​ សុខ​ស៊ី​ថា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ទីកន្លែង​កំណើត​សង្កាត់​បឹង​កេងកង​១​ ខណ្ឌទួលគោក​ ក្រុងភ្នំពេញ​។​ អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​។​ ប្រភេទ​ទោស​តាម​អំណាច​សាលក្រម​៖​ ទោស​ដាក់​ពន្ធនាគារ​កំណត់​០២​ឆ្នាំ​០៣​ខែ​។​ ពី​បទ​សមគំនិត​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ចាប់ពី​នឹង​អំឡុង​ឆ្នាំ​២០១៤​ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៩,៣៩១,៣៩២​ នៃ​ក្រមព្រហ្មទណ្ឌ​ ចាប់ខ្លួន​នេះ​ឲ្យ​បាន​សម្រេច​។​

​ករណី​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ខាងលើ​ទៅ​តុលាការ​និង​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​រួច​ហើយ​នា​ពេល​ថ្មីៗ​នេះ​ ៕


ចំនួនអ្នកទស្សនា

    20552547

  • ថ្ងៃនេះ9131
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88211
  • ខែនេះ110091
  • ឆ្នាំនេះ110091
  • សរុប20552547