សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​ ពិភាក្សា​ និង​អនុម័ត​តាម​របៀបវារៈ​ចំនួន​៥

22-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៩​រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​

​អង្គប្រជុំ​បាន​ពិភាក្សា​ និង​អនុម័ត​តាម​របៀបវារៈ​ ដោយ​មាន​លទ្ធផល​ដូច​ខាងក្រោម​៖
​ ​១-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ ស្តី​ពី​ច្បាប់​សមុទ្រ​ ចុះ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​១៩៨២​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ និង​ការ​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ មធ្យម​ និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​ ដល់​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​ នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​ គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ ជូន​គណៈ​-​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​
​ ​២-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ វិសោធនកម្ម​មាត្រា​៣​ មាត្រា​១៧​ មាត្រា​២០​ មាត្រា​២១​ មាត្រា​២៧​ មាត្រា​២៨​ មាត្រា​២៩​ មាត្រា​៥៤​ និង​មាត្រា​៥៩​ នៃ​ច្បាប់​ស្តី​ពី​សហជីព​ ដល់​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​ បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​
​ ​៣-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​ រវាង​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដល់​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ ជាតិ​ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ និង​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​
​ ​៤-​ អង្គប្រជុំ​បាន​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​ នូវ​៖
​ ​ ​៤-១.​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
​ ​ ​៤-២.​ ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២​ ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់​ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ ស្តី​ពី​កិច្ច​សម្របសម្រួល​ ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។​
​ ​ ​៤-៣.​ ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។​
​ ​៥-​ អង្គប្រជុំ​បាន​អនុម័ត​លើ​កម្មវិធី​ចំណាយ​ថវិកា​របស់​រដ្ឋសភា​ឆ្នាំ​២០២០​ ដើម្បី​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​ ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​ ៕

 

ចំនួនអ្នកទស្សនា

    20552397

  • ថ្ងៃនេះ8981
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88061
  • ខែនេះ109941
  • ឆ្នាំនេះ109941
  • សរុប20552397