បាត់ដំបង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើឈ្មោះ ស៊ឹម ឡាំ ភេទប្រុស អាយុ៣៩ឆ្នាំ ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ស៊ឹម ឡាំ ដែលបានកៀងគរប្រមូលបក្ខពួកហូបអាហារសាមគ្គី និងបានធ្វើសកម្មភាពផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល "ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី" ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន។ ម្យ៉ាងទៀតឈ្មោះ ស៊ឹម ឡាំ បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ “រួមគំនិតក្បត់” ដែលអាចមានទោសជាប់ពន្ធនាគារពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕