ក្រសួងការពារជាតិ​ប្រទេស​កម្ពុជា​-​ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ ស្តី​កិច្ច​សហប្រតិបត្តិការ​វាង​កងទ័ព​កម្ពុជា​-​ចិន​

22-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុជាត​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ថា​ អំឡុង​ទស្សនកិច្ច​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ ក្រសួងការពារជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ ស្តី​កិច្ច​សហប្រតិបត្តិការ​វាង​កងទ័ព​កម្ពុជា​-​ចិន​។​

​នាយ​ឧត្តមសេនីយ៍​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​បន្ត​ថា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ប្រៀប​ដូច​ដែកថែប​ ក្នុង​ដំណាក់កាល​នៃ​ការ​ដឹកនាំ​របស់​របស់​ ឯកឧត្តម​ប្រធានាធិបតី​ ស៊ី​ ជី​ន​ពីង​ និង​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ កាន់តែ​ស៊ីជម្រៅ​ ហើយ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​។​ កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ បាន​ក្លាយទៅជា​យន្តការ​មួយ​ ដែល​បាន​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ និង​ចិន​។​

​នៅ​ក្នុង​ឱកាស​ជំនួប​ជាមួយ​ ឯកឧត្តម​ វ៉េ​ ហ្វ៊ុ​ង​ហឺ​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,​ សម្តេច​ពិជ័យ​សេនា​ទៀ​ បាញ់​ បាន​បង្ហាញ​ថា​ ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​ និង​ កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ ដែល​បាន​ចាប់ផ្តើម​ដោយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ថែម​ទៀត​យ៉ាង​ខ្លាំងក្លា​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​។​

​សម្តេច​ពិជ័យ​សេនា​បាន​វាយតម្លៃ​ខ្ពស់​ និង​ មាន​ជំនឿ​ជឿជាក់​ជាមួយ​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​ចិន​ ជា​ពិសេស​តួនាទី​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ ដែល​បាន​ចូលរួម​យ៉ាង​ស្វាហាប់​ និង​ យ៉ាង​មោះមុត​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ ចំពោះ​សន្តិភាព​ និង​ ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ក៏​ដូច​ជា​ក្នុង​ពិភពលោក​។​

​សម្តេច​ពិជ័យ​សេនា​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន​ ដូច​ជា​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ ការ​បង្កើន​កម្រិត​នៃ​ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​កម្រិត​តំបន់​ និង​ អន្តរជាតិ​ផង​ដែរ​ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​កងទ័ព​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ ៕


ចំនួនអ្នកទស្សនា

    20552827

  • ថ្ងៃនេះ9411
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88491
  • ខែនេះ110371
  • ឆ្នាំនេះ110371
  • សរុប20552827