សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ មានការ​កើនឡើង​ជា​លំដាប់​ ហើយ​សម្តេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ជប៉ុន​មានការ​កើន​ឡើងជា​បន្ត​ទៀត

23-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ ឯកឧត្តម​ Masahiro​ Mikami​ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​។​ នៅ​ក្នុង​ជំនួប​នេះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ ចំពោះ​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ និង​បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម​ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរាជទូត​ប្រចាំ​កម្ពុជា​នៅ​ពេល​នេះ​។​

​ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន​ក៏​បាន​ ថ្លែង​អំណរ​​គុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម​បាន​ជួប​សំដែង​ការ​គួរសម​នា​ពេល​នេះ​។​ ជា​ពិសេស​ ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្រជាជន​ជប៉ុន​ដែល​គ្រោះ​ដោយសារ​ព្យុះ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។​ លើស​ពី​ ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ចំពោះ​ការ​យាង​របស់​ព្រះករុណា​ព្រះមហាក្សត្រ​សម្ដេចព្រះ​នរោត្ដម​ សីហ​មុនី​ យាង​ចូលរួម​ក្នុង​ការ​គ្រងរាជ្យ​ថ្មី​របស់​ព្រះ​ចៅ​អធិរាជ​របស់​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ឯកឧត្តម​ បាន​គូសបញ្ជាក់​ថា​បច្ចុប្បន្ន​ ទំនាក់ទំនង​ភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​គឺ​មាន​ទំនាក់ទំនង​ល្អ​។​ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​កន្លង​មក​កម្ពុជា​បាន​ឆ្លងកាត់​នៅ​សង្គ្រាមស៊ីវិល​ក៏​ប៉ុន្តែ​ពេល​នេះ​ឃើញ​ថា​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី​។​ ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​វប្បធម៌​ រួម​ទាំង​វិស័យ​ផ្សេងៗ​ច្រើន​ទៀត​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថាស​ម្ដេច​ពិតជា​អរគុណ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​៨០​ និង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​កន្លង​ទៅ​នេះ​។​

​សម្ដេច​បាន​បន្ត​ទៀត​ថា​កន្លង​មក​ជប៉ុន​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​ប្រទេស​កម្ពុជា​ដូច​ជា​ការ​កសាង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នឹង​ធ្វើ​អោយ​កម្ពុជា​រីក​ចម្រើន​ផង​ដែរ​។​ ​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ដល់​កម្រិត​ខ្ពស់​ ពិសេស​ក្នុង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ ដោយសារ​តែ​កន្លង​មក​មានការ​ផ្លាស់​ប្ដូរ​នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​យើង​មានការ​ហោះហើរ​ត្រង់​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​វិនិយោគ​និង​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​។​

​សម្ដេច​តេ​ជោ​ ក៏​បាន​បញ្ជាក់​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង​មានការ​កើន​ឡើងជា​លំដាប់​ ហើយ​សម្តេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ជប៉ុន​មានការ​កើន​ឡើងជា​បន្ត​ទៀត​រួម​ទាំង​ការ​បណ្ដាក់ទុន​ពី​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ផង​ដែរ​។​

​សម្ដេច​តេ​ជោ​ចង់​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​បន្ថែម​ទៀត​ជា​ពិសេស​លើ​ការ​ពង្រីក​នូវ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិស័យ​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

សម្តេច​បន្ត​ទៀត​ថា​ កម្ពុជា​នឹង​បន្ត​អនុវត្ត​នូវ​នីតិរដ្ឋ​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្វី​ដែល​ជា​អាទិភាព​របស់​សម្ដេច​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ការ​រក្សា​សន្តិភាព​អោយ​បាន​ស្ថិតស្ថេរ​ ហើយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នេះ​នៅ​តែ​បន្ត​។​ លើស​ពី​នេះ​ទៀត​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្លាស់​ប្ដូរ​មតិ​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​លើ​អនុ​តំបន់​ និង​អន្តរជាតិ​ជា​ពិសេស​គឺ​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ថែម​ទៀត​។​ ជា​ពិសេស​សម្ដេច​បាន​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​យុវជន​ពី​ប្រទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ ក៏​ដូច​ជា​សិក្សា​នៅ​ប្រទេស​ជប៉ុន​កន្លង​ទៅ​ ក៏​ដូច​ជា​រយៈពេល​ខាង​មុខ​ទៀត​។​

​ឯកឧត្តម​ ឯកអគ្គ​រាជ​ទូ​ជប៉ុន​ បាន​មាន​ប្រសាសន៍​ពី​អ្វី​ដែល​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​ជា​ពិសេស​គឺ​ពាក់ព័ន្ធ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា​។​

​ឯកឧត្តម​ក៏​មាន​ប្រសាសន៍​ថា​ជប៉ុន​នឹង​សកម្មភាព​ដែល​សហការ​ជាមួយនឹង​ស៊ី​ម៉ាក់​ ក្នុង​ការ​ដោះ​មីន​នៅ​កម្ពុជា​ផង​ដែរ​ ជប៉ុន​នឹង​បន្ត​លើ​ការ​ផ្ដល់​ជំនួយ​លើ​វិស័យ​ថាមពល​អគ្គិសនី​ និង​ធ្វើ​ផែនការមេ​សម្រាប់​កំពង់​ផែ​ស្វ័​យ​យ័​ត​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ហើយ​ត្រង់​ចំណុច​នេះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ចង់​ឲ្យ​ជប៉ុន​សម្រេច​នូវ​ផែនការ​មេនេះ​ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ មាន​ន័យ​ថា​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​កប៉ាល់​ធំៗ​នោះ​ចុះ​ចត​ដោយ​ផ្ទាល់​នៅ​កំពង់​ផែ​ទឹក​ជ្រៅ​នេះ​តែ​ម្ដង​ ដោយ​មិន​ចាំបាច់​មានការ​ផ្ទេរ​ទៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​ឡើយ​៕


ចំនួនអ្នកទស្សនា

    20552517

  • ថ្ងៃនេះ9101
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88181
  • ខែនេះ110061
  • ឆ្នាំនេះ110061
  • សរុប20552517