បន្ទាយមានជ័យ៖ កាលពីថ្ងៃអង្គារ ០៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទចំនួន០៣នាក់។
ជនត្រូវចោទដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនរួមមាន៖១. ឈ្មោះ យុន សាវន (Khun Savran) ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៦៧ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ ដោយយោងតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
២. ឈ្មោះ ផុង សុជាតិ ហៅជាតិ ខេមរា ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១០៦៨ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ ដោយយោងតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
៣. ឈ្មោះ ឆាំ សុភាន់ ហៅបារាំង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៨៨៣ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ ដោយយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
ដោយជនត្រូវចោទទាំងនេះ បានចូលរួមក្នុងគម្រោងដើម្បីប្រព្រឹត្តអំពើឧបឃាត ពាក់ព័ន្ធនឹងអង្គហេតុ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី” ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕