ភ្នំពេញ៖ ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (H.E. Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរាជទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចប់អាណត្តិ បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកមកលើប្រទេសគុយបា។
ជាមួយគ្នានេះ ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-គុយបាទាំងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានគាំទ្ររដ្ឋាភិបាលនិងប្រជាជនគុយបានៅគ្រប់កាលៈទេសៈ។
ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មុនពេលដែលឯកឧត្តមត្រូវចាកចេញពីកម្ពុជា ខណៈដែលការបំពេញបេសកកម្មការទូតនៅកម្ពុជា បានបញ្ចប់ គឺបញ្ចប់ដោយជោគជ័យ។
ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបា ចប់អាណត្តិ បានគូសបញ្ជាក់ថា ជោគជ័យនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម គឺមានការគាំទ្រពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ដែលនៅក្នុងនោះមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ដែលបានរួមចំណែកដ៏ធំធេងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ កម្ពុជា-គុយបា ឲ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា គុយបា ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសមិនច្រើនទេលើពិភពលោក ដែលធ្លាប់បានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្រោយពីបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ឆ្នាំមុន ហើយក្នុងដំណាក់កាលជាបន្តបន្ទាប់ គុយបាក៏បានបន្តរួមចំណែកដល់កាអភិវឌ្ឍន៍នៅកម្ពុជា រហូតដល់បច្ចុប្បន្ន ធ្វើអោយកម្ពុជា ចាត់ទុកគុយបាជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈ។
ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានស្នើសុំសម្តេចប្រធានរដ្ឋសភាគាំទ្រ ដល់បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជាក្នុងអាណត្តិក្រោយៗទៀត៕