ព្រឹទ្ធសភា​បើក​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ស្តាប់​របាយការណ៍​ស្តី​ពី​ សកម្មភាព​ការងារ​ របស់​ព្រឹទ្ធសភា​

24-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២៤​ ខែតុលា​នេះ​ព្រឹទ្ធសភា​បាន​បើក​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ស៊ី​ម​ កា​ អនុប្រធាន​ទី​១​ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ដោយ​មាន​វត្តមាន​ចូលរួម​ពី​ សមាជិក​ សមាជិកា​ ព្រឹទ្ធសភា​ចំនួន​ ៥៨​រូប​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​បើក​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤
​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា​ សម័យប្រជុំ​លើក​ទី​៤​នេះ​ បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ​តែ​មួយ​គឺ​ ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​ សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​ នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣​ និង​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ដែល​ ​ក្នុង​រយៈពេល​បី​ខែ​នេះ​ ព្រឹទ្ធសភា​បាន​ ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​ ០៤​លើក​ និង​ប្រជុំ​វិសាមញ្ញ​ចំនួន​ ០២​លើក​ ដោយ​ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ០៥​ច្បាប់​។​

ក្នុង​នោះ​ដែរ​ព្រឹទ្ធសភា​បាន​ទទួល​ពាក្យ​ បណ្តឹង​ចំនួន​១៦​ករណី​ ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ចំនួន​១០​លើក​ ចុះ​បេសកកម្ម​ក្នុង​ប្រទេស​ចំនួន​ ១០​លើក​ បំពេញបេសកកម្ម​ក្រៅប្រទេស​ចំនួន​ ០៦​លើក​ ចូលរួម​សិក្ខាសាលា​ វេទិកា​ និង​កិច្ចប្រជុំ​នានា​ចំនួន​ ១៧៦​លើក​ និង​ចូលរួម​ពិធី​ផ្លូវការ​ផ្សេងៗ​ចំនួន​ ៣៥០​លើក​ ព្រមទាំង​ចុះ​មូលដ្ឋាន​ដោយឡែក​រៀងៗ​ខ្លួន​ចំនួន​១៩១​លើក​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ និង​ក្រុម​សមាជិកា​ព្រឹទ្ធសភា​ បាន​រៀបចំ​វេទិកា​ សាធារណៈ​ចំនួន​ ៣​លើក​ នៅ​ខេត្តពោធិ៍សាត់​ ខេត្ត​ត្បូងឃ្មុំ​ និង​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះ​-​ស្រាយ​បញ្ហា​ប្រឈម​ និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ជី​អណ្តូងទឹក​ស្អាត​ ជីក​ស្រះ​ទឹក​ ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ តាកែវ​ កំពត​ កែប​ ឧត្តរមានជ័យ​ ព្រះ​វិហារ​ កំពង់ធំ​ ប៉ៃលិន​ បាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ​ ព្រមទាំង​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​។​

​ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣​ និង​លើក​ទី​៤​នេះ​ដែរ​ ថ្នាក់ដឹកនាំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ គណៈកម្មការ​ ក្រុម​ភូមិភាគ​នានា​ សមាជិក​ សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ បាន​រួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ហើយ​ សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ ជា​គុណ​ ប្រយោជន៍​ដល់​ជាតិ​ និង​ប្រជាពលរដ្ឋ​។​

​ព្រឹទ្ធសភា​ សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ដ៏​ថ្លៃថ្លា​ពី​គ្រប់​មជ្ឈដ្ឋាន​ និង​គ្រប់​ស្ថាប័ន​ ដែល​ញុំ​ា​ង​ឱ្យ​ព្រឹទ្ធសភា​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ និង​ល្អ​ប្រពៃ​ផង​ដែរ​ ៕​


ចំនួនអ្នកទស្សនា

    20551607

  • ថ្ងៃនេះ8191
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87271
  • ខែនេះ109151
  • ឆ្នាំនេះ109151
  • សរុប20551607