ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងសន្ដិភាពឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដបើកវគ្គបំប៉នជំនាញ ដល់ភ្នាក់ងារសន្ដិសុខឯកជន លើកទី២២។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភា ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងមានការចូលរួមពីសិក្ខាកាមប្រមាណ២០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ណាស់ក្នុងការរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសដែលឈរជើង នៅតាមតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្តូរប្រាក់ ទីតាំងលក់វត្ថុមានតម្លៃមាស-ពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនីដ្ឋាន រម្មណីដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លឹបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ដោយមើលឃើញពីគុណតម្លៃ នៃភ្នាក់ងារសន្ដិសុខឯកជននេះហើយ ទើបក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគាំពា ធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជននេះ មានការរីកចម្រើន និងប្រកបដោយស្ថិរភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។
ឯកឧត្តម បានឲ្យដឹងទៀតថា នេះជាលើកទី២២ ដែលអគ្គស្នងការដ្ឋានគរបាលជាតិ ចាត់ឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ក្នុងការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជន ទាំងក្រុមហ៊ុនសន្តិសុខឯកជន ផ្តល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង លើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈម ជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្ត្រការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃុនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិទាំងមូល ៕