លោកស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀន ទម្ងន់៩៣គីឡូក្រាម

24-October-2019 | ដោយ ពលមនសិការ

កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀនដែលមានលក្ខណៈដ៏សម្បើមពុំដែលបង្ក្រាបបានក្នុងរយៈពេលកន្លមក លើទឹកដីខេត្តកំពង់ធំគឺចំនួន៥៣កញ្ចប់ ទម្ងន់៥៣គីឡូក្រាម និងមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនចំនួន ០៤នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ ជាលទ្ធផលដែលទទួលបានជោគជ័យយ៉ាងគាប់ប្រសើរបំផុតគឺដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តម តែងតែចង្អុលបង្ហាញដល់មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយសារកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនិងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវបង្ក្រាប លើកទី១ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទី នៅចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជនជាតិថៃម្នាក់។

ជនសង្ស័យទាំង៤នាក់រួមមាន៖ទី១-ឈ្មោះ គង់ វណ្ណៈ អាយុ ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី៣-ឈ្មោះ​ លី តឹក អាយុ៥៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងទី៤-ឈ្មោះ សាក់ ស៊ាងសង អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ។

វត្ថុតាងដកហូតៈ គ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន ICE ចំនួន៤០កញ្ចប់ មានទម្ងន់៤០គីឡូក្រាម រថយន្តចំនួន០២គ្រឿង។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បន្តមានប្រសាសន៍ បន្ទាប់មកសមត្ថកិច្ចជំនាញ ប្រើប្រាស់វិធានការជំនាញ ធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តបន្ទាប់ និងដោយសារមានកិច្ចសហការពីប្រជាពលរដ្ឋគំរូ ធ្វើឱ្យសមត្ថកិច្ច យើងទទួលបានប្រភពព័ត៌មានច្បាស់លាស់ ។ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះឆែកឆេរ ផ្ទះមួយកន្លែង ដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិក្រសាំង(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យើងបានរកឃើញគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICEចំនួន៥៣កញ្ចប់ មានទម្ងន់៥៣គីឡូក្រាម បន្ថែមទៀត។

ជាលទ្ធផលបង្ក្រាបលើកទី១ គ្រឿងញៀនមានចំនួន៤០កញ្ចប់ ទម្ងន់៤០គីឡូក្រាម និងលើកទី២ មានចំនួន៥៣កញ្ចប់ ទម្ងន់៥៣គីឡូក្រាម សរុបចំនួន៩៣កញ្ចប់ទម្ងន់៩៣គីឡូក្រាម។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង យល់ដឹងផលប៉ះពាល់នៃគ្រឿងញៀន ហើយត្រូវយល់ថា គ្រឿងញៀន ជាថ្នាំឆ្កួត បំពុលស្មារតី បំផ្លាញ់អនាគត មនុស្សគ្រប់ៗគ្នាបើមនុស្សត្រូវបានគ្រឿងញៀនគ្រប់គ្រងហើយ ។

បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ហាង ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ត សូមចូលរួម សហការ ជាមួយសមត្ថកិច្ចសូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី តាមរយៈអនុវត្តតាមការណែនាំរបស់ ដើម្បីប្រយុទ្ធប្រឆាំងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕

ចំនួនអ្នកទស្សនា

    20551927

  • ថ្ងៃនេះ8511
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87591
  • ខែនេះ109471
  • ឆ្នាំនេះ109471
  • សរុប20551927