សម្តេច​ប្រធានរដ្ឋសភា​ ស្នើ​ដល់​ឯកអគ្គរាជទូត​ខ្មែរ​ ដែល​ត្រូវ​ចេញ​ទៅ​បំពេញការងារ​ការទូត​នៅ​បរទេស​ យកចិត្តទុកដាក់​ពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ជា​ធំ​

25-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ជម្រាប​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រៀម​ចេញ​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ក្រៅប្រទេស​ថា​ នៅ​ពេល​បំពេញការងារ​ ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​។​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ត្រូវ​រក្សា​ការពារ​ និង​ លើក​តម្លៃ​ជាតិ​ជា​និច្ច​។​ ត្រូវ​រក្សា​ការ​សម្ងាត់​របស់​ជាតិ​ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​បន្ត​ថា​ បេសកកម្ម​កា​ទូត​ ត្រូវ​បង្ហាញ​និង​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ​ និង​សេចក្តី​ថ្លៃថ្នូរ​ ដោយ​ត្រូវ​បន្ត​លើកកម្ពស់​ផ្សព្វផ្សាយ​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​ឱ្យ​បាន​ច្បាស់​ ទាំង​ផ្នែក​សិល្បៈ​ វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អត្តសញ្ញាណ​របស់​ជាតិ​ ដែល​មាន​វប្បធម៌​ផូរផង់​ តាំងពី​សម័យ​អង្គរ​មក​។​

​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទើប​តែងតាំង​ប្រចាំ​នៅ​ ប្រទេស​ វៀតណាម​ រុ​ស្សី​ អូស្ត្រាលី​ ស្វី​ស​ មី​យ៉ា​ន់​ម៉ា​ ម៉ា​ឡេ​ស៊ី​ គុយ​បា​ គុយ​វ៉ែត​ និង​ ប្រទេស​ប្រុយ​ណេ​ ដា​រ៉ូ​សា​លឹ​ម​ បាន​ចូល​ជម្រាបលា​ និង​ទទួល​អនុសាសន៍​ពី​សម្តេច​ប្រធានរដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែតុលា​ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​ មុន​ចេញ​ទៅ​បំពេញបេសកកម្ម​ការទូត​ នៅ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ឱកាស​នោះ​ សម្តេច​ ក៏​បាន​ផ្តាំផ្ញើរ​ដល់​ឯកអគ្គរាជទូត​ទាំងអស់​ ចុះ​ស្វែង​យល់​សុខទុក្ខ​ និង​ក្តាប់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ជាក់ស្តែង​ អំពី​ប្រជាពលរដ្ឋ​ សិស្ស​-​និស្សិត​ និង​ពលករ​ខ្មែរ​ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​។​ សូម​បង្ក​លក្ខណៈ​ងាយស្រួល​ លើ​សេវាកម្ម​នានា​របស់​ស្ថានទូត​ លើកកម្ពស់​ សុខុមាលភាព​ និង​ការពារ​ផលប្រយោជន៍​របស់​ពួក​គាត់​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​ជំរុញ​ តំណាង​កម្ពុជា​ តាម​ប្រទេស​នានា​ ដែល​ទើប​តែងតាំង​នោះ​ បន្ត​ជំរុញ​ និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​សំដៅ​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​បរទេស​ មក​ប្រទេស​យើង​ឱ្យ​កាន់តែ​ច្រើន​ ថែម​ទៀត​ដោយ​ផ្អែក​លើ​សក្តានុពល​ ដែល​ប្រទេស​មាន​ស្រាប់​ ហើយ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជាមួយ​ឯកអគ្គរដ្ឋទូត​-​រាជទូត​ នៃ​បណ្តា​ប្រទេស​ ដទៃ​ទៀត​ ប្រចាំ​នៅ​ប្រទេស​ នោះ​ផង​ដែរ​។​

​សម្តេច​ប្រធានរដ្ឋសភា​ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ឯកឧត្តម​ លោក​ជំទាវ​ ទាំងអស់​នឹង​ប្រតិបត្តិ​តួនាទី​របស់​ខ្លួន​ បាន​ល្អជា​និច្ច​ សក្តិ​សមជា​ឯកអគ្គរាជទូត​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​នូវ​ទំនុកចិត្ត​។​

​តំណាង​ឯកអគ្គរាជទូត​កម្ពុជា​ ដែល​បាន​ចូល​ជម្រាបលា​ និង​ទទួល​អនុសាសន៍​ពី​សម្តេច​ប្រធានរដ្ឋសភា​ នា​ឱកាស​នេះ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ដែល​សម្តេច​បាន​ចំណាយ​ពេលវេលា​អនុញ្ញាត​បាន​ចូល​ជម្រាបលា​ និង​ទទួល​បាន​អនុសាសន៍​ល្អៗ​ ដែល​ជា​ចក្ខុវិស័យ​ សម្រាប់​យក​ទៅ​អនុវត្ត​ការងារ​ទទួល​បាន​ជោគជ័យ​ ស្រប​តាម​គោលនយោបាយ​ការទូត​របស់​កម្ពុជា​។​

​ឯកអគ្គរាជទូត​ថ្មី​ទាំង​ ៩​រូប​រួម​មាន​៖១-​ឯកឧត្តម​ ចាយ​ ណា​វុ​ធ​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​
២-​ឯកឧត្តម​ អ៊ា​ត​ សីលា​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សហព័ន្ធ​រុ​ស្ស៊ី​។​
៣-​ឯកឧត្តម​ ចាន់​ រតនា​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​អូស្ត្រាលី​។​
៤-​ឯកឧត្តម​ អាន​ សុខ​ខឿន​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ស្វី​ស​។​
៥-​ឯកឧត្តម​ ឈូក​ ប៊ុ​ន​ណា​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​។​
៦-​ឯកឧត្តម​ ចឺ​យ​ វិចិត្រ​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​
៧-​លោក​ជំទាវ​ បាន​ បូ​រ៉ុ​ម​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​គូ​បា​។​
៨-​ឯកឧត្តម​ ហ៊ុន​ ហាន​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​រដ្ឋ​គូ​វ៉ែត​។​
៩-​ឯកឧត្តម​ ហុ​ក​ សុភា​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​សាឡា​ម​ ៕


ចំនួនអ្នកទស្សនា

    20551827

  • ថ្ងៃនេះ8411
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87491
  • ខែនេះ109371
  • ឆ្នាំនេះ109371
  • សរុប20551827