កំពង់ធំ៖ ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំពីកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំ ចំនួន០១ ករណីនៅភូមិសាស្ត្រ ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ប្រុស ដកហូតបានគ្រឿងញៀនចំនួន១០០កញ្ចប់ ដែលមានទម្ងន់១០០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿង។
កិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបានធ្វើឡើងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០ នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់,ជនជាតិ ថៃ០១នាក់ ប្រុស។
ជនសង្ស័យទី១-ឈ្មោះ គង់ វណ្ណៈ,ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ,ទី៣-ឈ្មោះលី តឹក,ទី៤-ឈ្មោះ សាក់ ស៊ាងសង ជនជាតិថៃ។
ដកហូតគ្រឿងញៀន ប្រភេទ ម៉េតំហ្វេតាមីនICE ចំនួន៤០ កញ្ចប់ មានទម្ងន់៤០គីឡូក្រាម រថយន្តចំនួន០២គ្រឿង កន្លងមក។
បន្ទាប់សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវស៊ើអង្កេតបន្តបន្ទាប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០៤នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះឆែកឆេរ ផ្ទះមួយកន្លែងដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិក្រសាំង (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យើងបានរកឃើញគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICEចំនួន៥៣កញ្ចប់មានទម្ងន់៥៣គីឡូក្រាម។
នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង២០ នាទី សមត្ថកិច្ចជំនាញ បានបន្តនីតិវិធីនិងដឹកនាំសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរផ្ទះដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ខាងលើ សមត្ថកិច្ចយើងបានរកឃើញ គ្រឿងញៀនចំនួន០៧កញ្ចប់ ទម្ងន់០៧គីឡូក្រាមបន្ថែមទៀត។
ជាលទ្ធផលសរុបក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ដែលមានលក្ខណៈស្មុគស្មាញ សមត្ថភាពយើងឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ គ្រឿងញៀនចំនួន១០០កញ្ចប់ ទម្ងន់១០០គីឡូក្រាម និងរថយន្តចំនួន ០២ គ្រឿង ដើម្បីចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ស្នើដល់ប្រជាពលរដ្ឋ បន្តចូលសហការ ជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ លុបបំបាត់ បទល្មើសគ្រឿងញៀន ចេញមូលដ្ឋានរបស់បងប្អូន គ្រឿងញៀនជា បីសាច កាចសាហាវ បំផ្លិចបំផ្លាញភាពសុខដុមរមនា ឲ្យក្លាយជាវិនាសកម្ម ផ្សេងៗ ៕